(ភ្នំពេញ)៖ បុរាណបានពោលកូនអើយចូរចាំ រពឹសដៃនាំផ្ទៃបានឆ្អែត ព្យាយាមឧស្សាហ៍មិនបណ្តែត ឆ្លៀតធ្វើប្រយោជន៍សែនបវរ ធ្វើនេះចាប់នោះរៀបចំទុក ប្រឹងប្រែងតត្រុកទើបមិនក្រ រពឹសដៃក្នុងសេចក្តីល្អ ញាតិមិត្តសាទរឲ្យពរជ័យ។
រពឹសដៃបំពេញការងារសុច្ចរឹត តែងនាំឲ្យមនុស្សរីកចម្រើន តែដោយឡែកប៉ុន្មានថ្ងៃនេះ មានយុវជនពីរក្រុម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ព្រោះតែរពឹសដៃ ឆក់ទ្រព្យសម្បត្តិអ្នកដទៃស្ទើររាប់ភ្លេច។
យុវជនទាំងពីរក្រុមនោះ រួមមាន៖ ទី១៖ឈ្មោះ ជីម ឡុង ហៅត្រា និងឈ្មោះ ពុធ ប្រសើរ ហៅវិត ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទជនរងគ្រោះ តាមដងផ្លូវជាច្រើនលើក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបាននៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពួកគេបានសារភាពថា កន្លងមកពួកគេ រួមជាមួយបក្ខពួកផ្សេងទៀត មានឈ្មោះ ទី, ឈ្មោះ ថន ធ្លាប់បានធ្វើសកម្មភាពឆក់សម្ភារតាមដងផ្លូវ ប្រហែល១០ដងមកហើយ។
ដោយឡែក ក្រុមទី២៖ ឈ្មោះ ឈន រដ្ឋា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេ រួមជាមួយបក្ខពួកពីរនាក់ផ្សេងទៀត ឈ្មោះ វិសាល និងឈ្មោះ អ៊ឺរ៉ូ បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះពីរនាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូនៅចំណុចផ្លូវលេខ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានម្នាក់នៅនឹងកន្លែង។ ចំណែកបក្ខពួកក្រុមចោរឆក់ដែលគេចរួចពីបង្ក្រាប សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត៕