(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ បានប្តេជា្ញគាំទ្រសម្តេចតេជោ ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសយ៉ាងតិច២០ឆ្នាំទៀត ក្រោយពួកគាត់បានមើលឃើញនូវការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ពិតជាបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ការស្នើសុំរបស់មេក្រុមបក្ស និងសាខាបក្សភូមិធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ លោក ថោង ខុនប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ ខេត្តកំពងធំ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ពេលព្រឹកនៅឃុំបារាយណ៍ និងពេលរសៀលនៅឃុំឈូកខ្សាច់ ដែលមានអ្នកចូលរួមប្រមាណ ៨០០នាក់។
ក្នុងពិធីសំណេះសំណាលនេះ លោក ថោង ខុន បានលើកឡើងអំពីសមិទ្ធផល និងស្នាដៃជាច្រើនរបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំស្តារ និងអភិវឌ្ឍន៍ប្រទេសចាប់តាំងពីបាតដៃទទេររហូតដល់សព្វថ្ងៃនេះ។
ទាក់ទងនឹងលេខរៀងទី២០ លោក ថោង ខុន ក៏បានជម្រាបជូនអង្គប្រជុំថា ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ លេខ២០ គឺជាលេខរៀងស្រួលគិត ស្រួលចាំ និងស្រួលគូសបំផុត។ លេខរៀងនេះ ជាលេខល្អណាស់ ព្រោះជាលេខតំណាងឲ្យខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ប្រជាពលរដ្ឋបានលើកឡើងថា លេខរៀងទី២០ ក៏សាក់សមនឹងអ្វីដែលមានន័យថា សម្តេចតេជោ ហ៊ុន សែន ត្រូវបន្តធ្វើជានាយករដ្ឋមន្រ្តីឲ្យបានយ៉ាងតិច ២០ឆ្នាំទៀតផងដែរ។
លោករដ្ឋមន្ត្រីបានរំលឹកឡើងវិញថា ប្រទេសកម្ពុជាមិនដែលទទួលបានសុខសន្តិភាពយូរឆ្នាំដូចពេលនេះទេ ចាប់ពីឆ្នាំ១៩៩៨មក ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេច តេជោ ហ៊ុន សែន ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរយៈពេល២០ឆ្នាំហើយ គិតមកដល់ឆ្នាំ២០១៨ ដែលជាឆ្នាំនៃការបោះឆ្នោតថ្នាក់ជាតិលើកទី៦។
លោកបានជំរុញឲ្យសាខាបក្សភូមិ និងក្រុមបក្សត្រូវចុះជាប់ជាប្រចាំជាមួយសមាជិកបក្ស គ្រួសារបក្ស និងប្រជាពលរដ្ឋ ហើយត្រូវចលនាជំរុញឲ្យសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ឲ្យទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ហើយត្រូវត្រៀមមធ្យោបាយ ឧបករណ៍សម្ភារៈគ្រប់យ៉ាងទាំងអស់ ដើម្បីឲ្យដំណើរការបោះឆ្នោតនៅតាមមូលដ្ឋានប្រព្រឹត្តិទៅបានយ៉ាងរលូន និងជោគជ័យ៕