(បាត់ដំបង)៖ គណៈពង្រឹងមូលដ្ឋានឃុំភ្នំសំពៅ បានបើកកិច្ចប្រជុំពិភាក្សា ក្នុងការរៀបចំបែងចែកការងារ ភារកិច្ច តាមក្រុមជំនាញនីមួយៗ ដល់សកម្មជនបក្សមូលដ្ឋានទាំងអស់ជិត៦០០នាក់ មកពីភូមិទាំង១០ ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីត្រៀមរៀបចំឲ្យសមាជិកបក្សទាំងអស់ទៅបោះឆ្នោត ឲ្យទទួលបានជ័យជម្នះ នៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ខាងមុខនេះ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានលោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ហែម ថេង បានឲ្យដឹងថា តាមច្បាប់បោះឆ្នោត ត្រូវធ្វើឡើងតាមកាលកំណត់ មិនអាចផ្អាកបានតាមការស្រែកឃោសនា របស់ជនអគតិប្រឆាំងផ្កាប់មុខនោះបានឡើយ គឺបោះឆ្នោតរយៈពេល៥ឆ្នាំម្តង តាមច្បាប់កំណត់ បើមានជនអគតិណា មករារាំងឃោសនា ប្រាប់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ត្រូវឆាប់រាយការណ៍មកទីស្នាក់ការភ្លាម និងប្តឹងទៅ គ.ជ.ប.ដើម្បីចាត់ការជាបន្ទាន់ទៅតាមផ្លូវច្បាប់។

លោក ហែម ថេង បានបញ្ជាក់ថា កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយដើម្បីរក្សារបបនេះបាន កម្ពុជាបានរៀបចំឱ្យមានការបោះឆ្នោត បាន៥អណត្តិមកហើយ និងបន្តធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីរកមេដឹកនាំប្រទេស តាមរយៈការជ្រើសរើសពីប្រជាពលរដ្ឋ មានអាយុគ្រប់អាចបោះឆ្នោតបាន ដោយសេរី យុត្តិធម៌ តាមការជ្រើសរើស និងពេញចិត្តរបស់ពួកគាត់យ៉ាងពិតប្រាកដ ។

នៅចំពោះមុខសកម្មជន គណបក្សប្រជាជនកម្ពុជា មូលដ្ឋានក្នុងឃុំភ្នំសំពៅ លោក ហែម ថេង បានក្រើនរំលឹកថា ត្រូវចេះធ្វើការពន្យល់ដល់ប្រជាពលរដ្ឋឱ្យគាត់ បានយល់អំពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាគោលនយោបាយ របស់រាជារដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ លើគ្រប់វិស័យ ទាំងវិស័យរដ្ឋ និងវិស័យឯកជនកន្លងមក។

លោកថា អ្វីដែលសំខាន់ជាងនេះ គឺដើម្បីធ្វើឱ្យប្រទេសជាតិ កាន់តែមានការវិវឌ្ឍន៍រីកចម្រើនថែមទៀតនោះ គណបក្សប្រជាជនកម្ពុជា បានដាក់គោលនយោបាយថ្មីៗជាច្រើនទៀត ជាពិសេសបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដ៏មានប្រសិទ្ធិភាពលើគ្រប់វិស័យ ក្នុងនោះការកែទម្រង់ នៃការផ្តល់សេវារដ្ឋបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព ព្រមទាំងបានអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្តិភាពទៀតផង។

ក្នុងឱកាសនោះលោកប្រធានបានធ្វើការណែនាំជំរុញ ដល់សកម្មជនទាំងអស់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបាន ទៅបោះឆ្នោតគ្រប់ៗគ្នា។   

ក្នុងកិច្ចប្រជុំការងារនេះដែរ សកម្មជនឈាមុខបក្សមូលដ្ឋានទាំងអស់ បានប្តេជ្ញាចិត្តទាំងអស់គ្នាថា យើងទាំងអស់គ្នាទៅបោះឆ្នោតជូនគណបក្ស CPP ដើម្បីយកជ័យជម្នះឲ្យបាន និងបន្តស្វែងរកសមាជិកថ្មីបន្ថែមទៀត បោះឆ្នោតគាំទ្របក្ស CPP ទទួលបានសម្លេងគាំទ្រច្រើនលើសលុបជាងមុន។ ក្នុងកិច្ចប្រជុំនោះដែរ លោកប្រធានក្រុមការងារបាន ឧត្ថមថវិកាកំដរដៃសមាជិកទាំងជិត៦០០នាក់ផងដែរ៕