(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាអនុប្រធានទី១ ចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំ ព្រមទាំងលោកស្រី រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងលោក លោកស្រី សមាជិកសមាជិកាគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្ត ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ ឲ្យពរសិរីសួស្តី ដល់អគារស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំថ្មីនេះ។

អគារស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំថ្មីនេះ ស្ថិតក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានលេចរូបរាង ផុសអណ្តែតឡើង ដ៍ធំស្កឹមស្កៃ យ៉ាងថ្មីស្រឡាងថ្មី១បន្ថែម ក្នុងចំណោមស្នាក់ការគណបក្សប្រជាជនធំៗផ្សេងទៀត ក្នុងខេត្តត្បូងឃ្មុំ បានសាងសង់រួចរាល់ជាស្ថាពរ និងត្រៀមសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ព្រឹកស្អែកនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំនេះ ជាអំណោយដ៍ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកសាងដោយលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា។

គូររំលឹកថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំនេះ មានបណ្តោយ80ម៉ែត្រ ទទឹង៥៤ម៉ែត្រ មានកម្ពស់២ជាន់ រួមទាំងជាន់ផ្ទាល់ដី (Eo E1) ផ្ទៃក្រឡាសាងសង់សរុប៥០២៣ម៉ែត្រការេ សំណង់ធ្វើអំពីបេតុង ដែក ឥដ្ឋ និងដំបូលប្រក់ក្បឿងស្រកាលេញ ស្ថិតនៅលើផ្ទៃដីសរុប១៥,២០២ម៉ែត្រការេ។

អគារស្នាក់នេះ មានសាលប្រជុំអាចដាក់មនុស្សបានប្រមាណជាង២៥០០នាក់ រចនាបទស្ថាបត្យកម្មខ្មែរល្អសមស្រប និងមានការតុបតែងលំអផ្នែកខាងក្នុង និងខាងក្រៅ ប្រកបដោយសោភ័ណភាព និងគុណភាពល្អប្រណិត ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ។

គម្រោងសាងសង់នេះ បានគោរពតាមបទដ្ឋានបច្ចេកទេសសំណង់កំរិតខ្ពស់ ទាំងគុណភាព សុវត្ថិភាព ដោយរៀបចំប្រពន្ធ័ពន្លត់អគ្គីភ័យ ប្រពន្ធ័ការពារអេកូរលកសំឡេងកំរិតខ្ពស់ និងប្រពន្ធ័ការពាររន្ទះ។

នៅក្នុងបរិវេណផ្នែកខាងមុខអគារ មានសួនច្បារបង្ហាញពីក្តីស្រឡាញ់ចំពោះកម្ពុជា (I lOVE CAMBODIA) សម្រាប់លំអអគារផង និងមើលពីលើអាកាសផង ហើយបរិវេណខាងមុខនេះ អាចចតរថយន្តបានជាង១៥០គ្រឿង, របង និងក្លោងទ្វារធំទូលាយ សសរក្លោង២ កម្ពស់៩ម៉ែត្រ លំអរដោយម្កុដទេវតា និងមានក្បាច់រចនាបែបស្ថាបត្យកម្មខ្មែរល្អប្រណិត៕