(ប៉េកាំង)៖ ក្នុងនាមតំណាងឲ្យស្ថាប័នព័ត៌មាននៅកម្ពុជា លោក លឹម ជាវុត្ថា នាយកប្រតិបត្តិនៃអង្គភាពព័ត៌មាន Fresh News រួមជាមួយនឹងក្រុមការងារ នាថ្ងៃទី០១ ខែមិថុនានេះ បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិធំមួយ «The First Shanghai Cooperation Organization (SCO Media Summit)» ជាមួយតំណាងអង្គភាពព័ត៌មានមកពី១៧ប្រទេសផ្សេងទៀត នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

លោក លឹម ជាវុត្ថា បានឲ្យដឹងថា ជាមួយនឹងបរិយាកាសដ៏ជិតស្និទ្ធ តំណាងអង្គភាពព័ត៌មានមកពីប្រទេសចំនួន១៨ រួមមាន៖ ចិន (China) កម្ពុជា (Cambodia) រុស្ស៊ី (Russia) ឥណ្ឌា (India) កាហ្សាក់ស្ថាន (Kazakhstan) គីហ្គីសស្ថាន (Kyrgyzstan) ប៉ាគីស្ថាន (Pakistan) តាជីគីស្ថាន (Tajikistan) អាហ្វហ្គានីស្ថាន (Afghanistan) អូសបេគីស្ថាន (Uzbekistan) បេឡារូស (Belarus) អ៊ីរ៉ង (Iran) ម៉ុងហ្គោលី (Mongolia) អាស៊ាបៃហ្សង់ (Azerbaijan) អាមេនី (Armenia) នេប៉ាល់ (Nepal) តួកគី (Turkey) និងស្រីលង្កា (Sri Lanka) បានចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក។

លោក លឹម ជាវុត្ថា បានបន្តថា ដោយសារមានការរៀបចំពីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អង្គភាពព័ត៌មាន Fresh News មានឱកាសចូលរួមក្នុងកិច្ចប្រជុំ SCO ដ៏ធំនេះ។ នាឱកាសនោះដែរ លោក លឹម ជាវុត្ថា ក៏បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជា ដែលអញ្ជើញអង្គភាពព័ត៌មាន Fresh News ឲ្យចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិមួយនេះ ព្រោះ SCO ពិតជាបានផ្ដល់សារសំខាន់យ៉ាងខ្លាំងសម្រាប់វិស័យព័ត៌មាននៅកម្ពុជា។

លើសពីនេះ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំសំខាន់ៗពាក់ព័ន្ធវិស័យព័ត៌មានរបស់ចិន បុគ្គលល្បីៗរបស់ចិន និងរុស្ស៊ី ក៏បានចូលខ្លួនជាគណៈអធិបតី និងជាវាគ្មិនចែករំលែកបទពិសោធន៍ជូនសមាជិកអ្នកចូលរួមផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែឧសភា ម្សិលមិញ លោកនាយកប្រតិបត្តិនៃអង្គភាព Fresh News រួមនឹងក្រុមការងារ ក៏បានចូលទស្សនកិច្ចនៅក្នុងស្ថានីយទូរទស្សន៍ដ៏ធំរបស់ចិន គឺទូរទស្សន៍ស៊ីស៊ីធីវី (CCTV) និងបណ្តាញព័ត៌មាន CGTN (China Global Television Network) ព្រមទាំងទីស្នាក់ការសារព័ត៌មានដ៏ធំ និងល្បីទូទាំងពិភពលោករបស់ចិន គឺសារព័ត៌មានស៊ីនហួ (Xinhua)៕