(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញមកបំភ្លឺពាក់ព័ន្ធព័ត៌មានដែលផ្សាយថា មានការចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់ ទៅកាន់ប្រទេសថៃ ដោយខុសច្បាប់នោះ គឺជារឿងមិនពិតនោះទេ ដោយហេតុថា ពលរដ្ឋខ្មែរបានស្ម័គ្រចិត្តដោយខ្លួនឯង ទៅបំភ្លឺក្នុងនាមជាសាក្សី ហើយនឹងត្រឡប់មកវិញនៅថ្ងៃទី០២ ខែមិថុនាស្អែកនេះ។
តាមរយៈអង្គភាព Fresh News នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងយ៉ាងដូច្នេះថា «ពលរដ្ឋខ្មែរមួយរូបបានស្ម័គ្រចិត្តទៅប្រទេសថៃ តាមយន្តហោះវេលាម៉ោង០៩៖៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដើម្បីឆ្លើយបំភ្លឺជូនសមត្ថកិច្ចប្រទេសថៃ ក្នុងនាមជាសាក្សី។ ពលរដ្ឋរូបនោះនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨។ ខ្ញុំបាទសុំបដិសេធនូវព័ត៌មានណា ដែលផ្ទុយពីខ្លឹមសារខាងលើ»។
យ៉ាងណាមិញសម្រាប់ការទៅបំភ្លឺនៅប្រទេសថៃ ពីសំណាក់ពលរដ្ឋខ្មែរខាងលើ មិនទាន់ត្រូវបានលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់លម្អិតនៅឡើយទេ ព្រោះថារង់ចាំការសួរនាំនៅពេលក្រោយ ក្រោយពលរដ្ឋនោះត្រឡប់មកដល់ប្រទេសកម្ពុជា។
បើតាមលោកឧត្តមសេនីយ៍អ្នកនាំពាក្យ លោកនឹងជម្រាបជូនសាធារណជន លម្អិតបន្ថែមទៀត ក្រោយបញ្ចប់ការសាកសួរ៕