(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស នៅអនុវិទ្យាល័យសោមធំ ឃុំសោមធំ ស្រុកអូរយ៉ាដាវ និងបាននាំយកនូវមួកសុវត្ថិភាព ចំនួន​២០០មួក ចែកជូនផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក​អភិបាលខេត្តរតនគិរី បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍ​ មធ្យោបាយធ្វើដំណើរ និងផ្លូវគមនាគមន៍ ត្រូវបានរីកដុះដាលគ្រប់ខេត្ត ក្រុង និងបានរុញឲ្យបញ្ហាគ្រោះថ្នាក់កើតឡើងច្រើន ដូច្នេះត្រូវតែបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា។

ក្នុងកាលៈទេសៈនេះ លោកបានជំរុញឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ត្រូវប្រើប្រាស់មួកសុវត្ថិភាពគ្រប់ពេលបើកបរ ដើម្បីការពារពីគ្រោះថ្នាក់ផ្សេងៗ ខណៈដែលការប្រើប្រាស់មួកសុវត្ថិភាព អាចកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ ដល់អាយុជីវិតបានប្រមាណ៦០ភាគរយ ទៅ៧០ភាគរយ។

សូមបញ្ជាក់ថា យុទ្ធនាការនេះបាន​​ប្រព្រឹត្តទៅនៅទូទាំង២៥រាជធានី-ខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាព ហើយចែកមួកសុវត្ថិភាព ឲ្យគាត់មួយដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឲ្យគាត់ផ្តិតស្នាមមេដៃទទួលមួក និងមានបញ្ជាក់ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាព ម្តងជាពីរដងផងដែរ៕