(កំពង់ធំ)៖ ថវិកាសម្រាប់កសាងផ្លាកសំគាល់ នៅខាងមុខផ្នូរសពយុទ្ធជនពលី ចំនួន១០៤ផ្លាក នៅវិមានយុទ្ធជនពលី ដើម្បីជាតិមាតុភូមិ ស្ថិតក្នុងកំពង់ធំ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងថា នេះគឺជាគិតគូរយកចិត្តទុកដាក់ចំពោះកិត្តិយស និងការដឹងគុណ ចំពោះការធ្វើពលីកម្មដ៏មានតម្លៃរបស់អតីតយុទ្ធជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះកងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និងគ្រួសារកងទ័ព តាមរយៈការលើកកម្ពស់កម្រិតជីវភាព និងកិត្តិយសរបស់កងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និងគ្រួសារកងទ័ព។ លោកក៏បានថ្លែងអំណរគុណសម្រាប់សម្ដេចទាំងពីរ លើវិស័យការពារជាតិ តាមរយៈការគិតគូយកចិត្តទុកដាក់ ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ព និងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព និងក្នុងអង្គភាព ដែលកន្លងមកសម្តេចបានផ្តល់នូវ ស៊ីម៉ងត៍ ដែក គ្រឿងសម្ភារបរិក្ខាពេទ្យ មី អង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។
សូមបញ្ជាក់ថា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ធ្វើសកម្មភាពការងារ សមាគមអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ យ៉ាងសកម្មប្រកបដោយទឹកចិត្ត និងគុណតម្លៃខ្ពស់តាមរយៈការចុះស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ចុះជួបសំណេះសំណាល សាកសួសុខទុក្ខ និងប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ យកចិត្តទុកដាក់សម្របសម្រួលការព្យាបាល។
ជាពិសេសបានចុះជួយកសាងផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ដែលទាំងនេះគឺជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសប្បុរសជនដទៃទៀត។
គួររំលឹកថា ការប្រគល់អំណោយដើម្បីកសាងផ្លាកសំគាល់ នៅខាងមុខផ្នូរសពយុទ្ធជនពលី បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានអញ្ជើញគោរពវិញាណក្ខន្ធ យុទ្ធជនពាក់លី ក្នុងឱកាសដែលលោក អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជននៅខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ៕