(ត្បូងឃ្មុំ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយ មន្រ្តីរាជការ មន្រ្តីចូលនិវត្តន៍ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នាក់ងារសុខភាពសត្វភូមិ សមាជិកសហគមន៍កសិកម្ម និងសហគមន៍ នេសាទទូទាំងខេត្តត្បូងឃ្មុំ ប្រមាណ៥០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បានលើកឡើងថា យោងលើការចាំបាច់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ជ្រើសរើសកសិករគំរូ ដែលមានបទពិសោធន៍ ក្នុងការព្យាបាល និងការពារជំងឺសត្វ ឲ្យទទួលបានជាភ្នាក់ងារសុខភាពសត្វភូមិ នៅឆ្នាំ២០០១។
គោលបំណងដ៏សំខាន់ នៃការបង្កើតភ្នាក់ងារនេះ គឺដើម្បីជួយព្យាបាលសត្វ ការពារជំងឺ សត្វ អប់រំ ណែនាំបច្ចេកទេសបឋមពីការចិញ្ចឹម ព្យាបាល និងការពារជំងឺឆ្លងសត្វ។ នាពេលអនាគត អង្គការសុខភាពសត្វពិភពលោក សន្យាថានឹងជួយបណ្តុះបណ្តាលភ្នាក់ងារសុខភាពភូមិនេះ ឲ្យក្លាយជាភ្នាក់ងារ ត្រួតពិនិត្យអនាម័យសត្វ និងគុណភាពសាច់ ដើម្បីបង្កើនជំនឿទុកចិត្តដល់អ្នក បរិភោគ ធានាបាននូវសុខភាពសាធារណៈ និងធ្វើការប្រកួតប្រជែងទីផ្សារ។
បើតាមលោក ប៉ែន កុសល អភិបាលរងខេត្ត បានអបអរសាទរជូន ចំពោះមន្រ្តី និងភ្នាក់ងារសុខភាព សុខភាពសត្វភូមិដែលជាជនបង្គោល និងនៅជួរមុខ ក្នុងការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដែលវិស័យនេះ ទាមទារការអភិវឌ្ឍឲ្យមានការ រីកចម្រើនថែមទៀត ដើម្បីធានាបាននូវសន្តិសុខ ស្បៀង បង្កើនប្រាក់ចំណូល និងកែលម្អកម្រិតជីវភាពជាបណ្តើរៗ ស្របតាមនិន្នាការនៃការរីកចម្រើន លើវិស័យសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោក វេង សាខុន បានស្នើអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វជួយជំរុញ និងគាំទ្រផ្តល់ចំណេះដឹងបន្ថែម ពន្លឿនការផ្តល់ព័ត៌មាន និងសេវាកម្មឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដល់ភ្នាក់ងារសុខភាពភូមិ ដោយត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត នូវរាល់បញ្ហាសុខភាពសត្វ របស់កសិករឲ្យបានល្អព្រោះសត្វ គឺជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ពួកគាត់។
ក្រៅពីការងារបច្ចេកទេស លោករដ្ឋមន្រ្តីសុំឲ្យអគ្គនាយកដ្ឋានជួយធ្វើការផ្សព្វផ្សាយ អំពីច្បាប់ស្តីពី ផលិតកម្មសត្វ និងសុខភាពសត្វដល់ភ្នាក់ងារ សុខភាពសត្វភូមិ ឲ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ ក្នុងការបង្កើនការគ្រប់គ្រងចលនាសត្វ ជំងឺឆ្លងសត្វ ការនាំចូលសត្វខុសច្បាប់ ការគ្រប់គ្រងគុណភាពសាច់ឆ្លើយតបតាមតម្រូវការរបស់ អ្នកបរិភោគ។
ក្នុងឱកាសនេះ លោក វេង សាខុន បានជួយឧបត្ថម្ភ ដល់ភ្នាក់ងារសុខភាពសត្វភូមិ និងមន្រ្តីចូលនិវត្តន៍ម្នាក់៤ម៉ឺនរៀល និងសម្ភារបសុពេទ្យ១កញ្ចប់ថែមទៀត៕