(ស្ទឹងត្រែង)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការងមូលដ្ឋានក្រុង ស្រុក និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាស លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបញ្ជាកម្លាំងអាវុធហត្ថទូទាំងខេត្តស្ទឹងត្រែង ដាច់ខាតត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការពារឲ្យខាងតែបាន នូវដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
បើតាមលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី កម្លាំងអាវុធហត្ថទាំងអស់ត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានសភាពការណ៍អ្វីកើតឡើង ត្រូវតែរាយការណ៍ជាបន្ទាន់មកថ្នាក់លើ ដើម្បីមានវិធានការបង្ក្រាប ឬទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕