(ភ្នំពេញ)៖ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាព លោក យិន សារិន ជាសិល្បៈករពោរពេញដោយទេពកោសល្យ បានបន្សល់ទុកនូវចម្រៀងប្រពៃណីជាច្រើន ជាពិសេស ត្រូវបានមហាជនស្គាល់តាមរយៈបទចម្រៀង "ជីវិតក្មេងវត្ត" ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤ម៉១០នាទីរសៀល ក្នុងជន្មាយុ ៦៨ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានស្ថិតនៅក្នុងបុរី ប៉េង ហួត សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន បានមានប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី បិតា និងជីតា ជាទីស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ ជួយឧបត្ថម្ភដល់លោក យិន សារិន ជាបន្តបន្ទាប់ តាំងពីពេលមានជីវិតដោយបានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ និងនាំយកថវិកា ផ្លែឈើ គ្រឿងបរិភោគផ្តល់ជូន៕