(ភ្នំពេញ)៖ ក្នុងចំណោមគណបក្សនយោបាយទាំង២០ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ មានប្រធានគណបក្សចំនួន១៤ សុទ្ធតែបានឈរឈ្មោះ នៅតាមមណ្ឌលដែលពួកគេមានប្រជាប្រិយភាព ខណៈដែលប្រមុខគណបក្សចំនួន៦ផ្សេងទៀត បានសម្រេចចិត្តមិនឈរឈ្មោះនោះឡើយ។
ក្នុងចំណោមប្រធានគណបក្សទាំង៦នេះ ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅលោកវីល្លាម កាំង (William Guang) ក៏ពុំបានឈរជាបេក្ខជននៅមណ្ឌលបោះឆ្នោតណាមួយផងដែរ។ តើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យប្រធានគណបក្សវ័យក្មេងរូបនេះ សម្រេចចិត្តមិនឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ?
ចម្ងល់ទាំងអស់នេះ ត្រូវបានប្រធានគណបក្សដែលទើបបង្កើតថ្មីមួយនេះ ស្រាយបំភ្លឺប្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោត តាមរយៈបណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ថា មូលហេតុដែលលោក មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ ដូចប្រធានគណបក្សដទៃនោះ ដោយសារលោកចង់មានពេលវេលាគ្រប់គ្រាន់ ដើម្បីងាយស្រួលគ្រប់គ្រងបេក្ខជនតំណាងរាស្ត្ររបស់លោក និងមានពេលវេលាដើម្បីរិះគន់ពីបញ្ហាក្នុងសង្គម។
លោក វីល្លាម កាំង បានបញ្ជាក់ថា «អវត្តមានខ្ញុំដោយសារតែខ្ញុំយល់ថា ការបង្ហាញជំហរមកចូលរួមបោះឆ្នោតនេះ គឺយើងចង់ចូលរួមក្នុងការស្តារប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដោយប្រើទស្សនៈថា គោលនយោបាយរបស់យើង យើងអាចជួយជាផ្នែកមួយក្នុងការកសាងជាតិបាន អ៊ីចឹងវាអត់សំខាន់ថាខ្ញុំចូលរួម ឬមិនចូលរួមទេ សំខាន់គឺគោលនយោបាយខ្ញុំអ្នកដាក់។ មួយវិញទៀត ខ្ញុំចង់មានពេលវេលា ខ្ញុំអត់ចង់ធ្វើជាតំណាងរាស្ត្រ បានន័យថាអាណត្តិនេះ ខ្ញុំអត់ចង់បានអំណាចអីទេ ខ្ញុំបញ្ជាក់ជំហរអ៊ីចឹង។ ប៉ុន្តែខ្ញុំដាក់បេក្ខជនទៅហ្នឹង គឺខ្ញុំងាយស្រួលគ្រប់គ្រងគាត់»។
លោកបានបន្តថា «ពីដើមឡើយខ្ញុំតែងតែរិះគន់ថា ចង់ឲ្យមានតំណាងរាស្ត្រល្អ អាចបំពេញប្រយោជន៍ឲ្យប្រជាពលរដ្ឋ អាចបំពេញប្រយោជន៍ដល់សង្គម។ អ៊ីចឹង ខ្ញុំចង់នៅជាឯកជនរូបវ័ន្តបុគ្គលឯកជនអ៊ីចឹងសិន ខ្ញុំអាចនឹងរិះគន់តំណាងរាស្ត្រខ្លួនឯងទៀត បើសិនជាធ្វើការមិនបានល្អ។ ចំណុចមួយវិញទៀត ខ្ញុំនៅខាងក្រៅ ខ្ញុំជាប្រមុខគណបក្សតែខ្ញុំអាចនឹងរិះគន់បញ្ហាផ្សេងៗកាន់តែច្រើន មានពេលវេលាគ្រប់គ្រាន់»។
ជាមួយគ្នានេះ ប្រមុខគណបក្សខ្មែរក្រោក បានបញ្ជាក់ថា បេក្ខជនរបស់គណបក្សនេះ សុទ្ធតែជាយុវជនក្មេងៗ មានរហូតដល់ទៅ ៨០ភាគរយ។ លោកថា យុវជនទាំងនេះជាបញ្ញាវន្តវ័យក្មេង ជាអ្នកមានចំណេះដឹងខ្ពស់ ដែលមានសមត្ថភាព និងលទ្ធភាពក្នុងការអភិវឌ្ឍ ក៏ដូចជាឱកាសក្នុងការចូលរួមកសាងប្រទេសជាតិ។
សូមជម្រាបថា គណបក្សខ្មែរក្រោក ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ទទួលស្គាល់ជាផ្លូវការក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ គណបក្សនេះ បានដាក់បេក្ខភាពតំណាងរាស្ត្រចំនួន ៩៦រូប ក្នុងមណ្ឌលចំនួន៦។
គោលនយោបាយសម្រាប់ចូលរួមទាញសំឡេងឆ្នោតពីប្រជាជនមាន៧ តែគណបក្សនេះ បានផ្តោតសំខាន់ទៅលើ ៣ចំណុចប៉ុណ្ណោះ រួមមាន៖
១៖ ការពារអធិបតេយ្យភាពត្រឡប់មកវិញ ដោយផ្តោតមុនគេ គឺកោះត្រល់ដែលខ្មែរបានបាត់បង់
២៖ លើកស្ទួយវិស័យកសិកម្ម ពាណិជ្ជកម្ម ដែលធានាឲ្យប្រជាកសិករ រស់នៅដោយមានជីវភាពសមរម្យ
៣៖ សិក្សាធិការជាតិ៕