(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។
ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងជាច្រើនរូប ដោយចាត់កម្លាំងជា៥គោលដៅ ពេញមួយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
ព្រឹកចំនួន០២គោលដៅ កម្លាំងសរុបចំនួន២៣នាក់៖ គោលដៅទី០១ ដឹកនាំដោយលោកវរសេនីយ៍ត្រី យឿង សុខា នាយផ្នែកឃោសនាអប់រំ កម្លាំងចំនួន០៩នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ០៣ សង្កាត់០២ក្រុងព្រះសីហនុ។
គោលដៅទី០២ ដឹកនាំដោយលោកវរសេនីយ៍ មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន១៤នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP6 ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ។
ល្ងាចចំនួន០៣គោលដៅ កម្លាំងសរុបចំនួន៣៧នាក់៖ គោលដៅទី០១ ដឹកនាំដោយលោកវរសេនីយ៍ត្រី មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន១៥នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុប៣៣៣ ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ។
គោលដៅទី០២ ដឹកនាំដោយលោកវរសេនីយ៍ត្រី យឿង សុខា នាយផ្នែកឃោសនាអប់រំ កម្លាំងចំនួន០៨នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ០៣ សង្កាត់០២ ក្រុងព្រះសីហនុ។
គោលដៅទី០៣ ដឹកនាំដោយលោកវរសេនីយ៍ទោ កេត សុភ័ក្រ្ត នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៤នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបកាល់តិច ស្ថិតក្នុងភូមិ០២ សង្កាត់០២ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុបបានចំនួន៩៦គ្រឿង, រថយន្តចំនួន០៧គ្រឿង មានដូចខាងក្រោម៖
១៖ អ្នកបើកបរម៉ូតូមិនពាក់មួក បានចំនួន៧៩គ្រឿង ពិន័យទាំងអស់។
២៖ អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ បានចំនួន១០គ្រឿង ពិន័យទាំងអស់។
៣៖ រថយន្តមិនពាក់ខ្សែក្រវ៉ាត់ បានចំនួន០២គ្រឿង ពិន័យទាំងអស់។
៤៖ រថយន្តបើកភ្លើងពេលថ្ងៃ បានចំនួន០២គ្រឿង ពិន័យទាំងអស់។
៥៖ ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរត្រឹមត្រូវ បានចំនួន០៣គ្រឿង ពិន័យចំនួន០១គ្រឿង (តាមអនុក្រឹត្យលេខ៤៤) នៅសល់ចំនួន០២គ្រឿង មិនទាន់ពិន័យរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕