(ភ្នំពេញ)៖ ដើម្បីធ្វើកិច្ចសហប្រត្តិបត្តការបន្ថែម លើការអភិវឌ្ឍន៍សុខភាព និងសុខមាលភាព រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុននោះ មន្ទីរពេទ្យកាល់ម៉ែត បានសហការជាមួយមូលនិធិ ACT នៃប្រទេសជប៉ុន (សមាគមសម្រាប់ការទំនាក់ទំនង នៃការសិក្សាផ្លាស់ប្តូរវប្បធម៌) បានចុះអនុស្សរណៈយោគយល់គ្នា នៅព្រឹក​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យកាល់ម៉ែត។

បើតាមលោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា រវាងមន្ទីរពេទ្យកាល់ម៉ែត ជាមួយមូលនិធិ ACT ដើម្បីធ្វើកិច្ចសហប្រត្តិបត្តការបន្ថែម លើការអភិវឌ្ឍន៍សុខភាព និ​ងសុខមាលភាពរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ហើយប្រតិភូមន្ទីរពេទ្យកាល់ម៉ែត ក៏បានធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែម អំពីសេវាសង្រ្គោះបន្ទាន់ និងការអភិវឌ្ឍន៍ស្ថាប័នវេជ្ជសាស្ត្រនៅប្រទេសជប៉ុន។​

អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា នៅថ្ងៃនេះមូលនិធិ ACT បានចំណាយពេលវេលា រៀបចំសិក្ខាសាលាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ លើការអភិវឌ្ឍន៍​សុខភាព និងសុខមាលភាព ក្នុងនោះមានថ្នាក់ដឹកនាំជប៉ុន និង​កម្ពុជា ក៏បានចូលរួមដើម្បីផ្លាសប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។

លោកបន្ថែមថា ​ការពិភាក្សាគ្នាជាដំបូងនេះ ដើម្បី​បើកជើងមេឃ នៃការពិនិត្យទៅលើលទ្ធភាព នៃការសហប្រតិបត្តិការស៊ីជម្រៅ​ទៅអនាគតនោះ បានឡើងចំណុចសំខាន់ៗ រួមមាន៖

ទី១៖​ដោយសារនៅកម្ពុជា​មានអាទិភាព នៃបញ្ហាទៅលើផ្នែកគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ ដែលទាមទារការយកចិត្តទុកដាក់ ក្នុងការថែ​ទាំដោយមុនមកផ្នែកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ និងការសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ​។

ទី២៖​យើងត្រូវការស្វែងយល់ អំពីបច្ចេកវិទ្យា ដែលកាន់តែជឿនលឿន ហើយវាទាមទារឲ្យយើងត្រូវតែសម្របសម្រួល យកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ឲ្យទាន់ការអភិវឌ្ឍន៍ពិភពលោក

ទី៣៖ការបណ្តុះបណ្តាលធនធានមនុស្ស ដែលទាមទារឲ្យមានការដកពិសោធន៍ជាក់ស្តែងជាមួយ​ជប៉ុន និង​ធ្វើការផ្លាស់ប្តូរយោបល់ និងទៅសិក្សាផ្តល់នៅប្រទេសជប៉ុនតែម្តង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍សុខភាព និងសុខមាលភាពរវាងប្រទេសទាំងពីរ៕