Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា ចាន់តូ អំពាវនាវឲ្យអាណាព្យាបាលគ្រប់រូបបញ្ជូនកូន-ចៅ ទៅសិក្សាឲ្យបានគ្រប់ៗគ្នា ដើម្បីជាស្ពានឈានទៅរកអនាគតភ្លឺស្វាង

01-06-2018 09:11

(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ បានអំពាវនាវឲ្យ មាតាបិតា និងអាណាព្យាបាលគ្រប់រូប បញ្ជូនកូន-ចៅ ទៅសិក្សាឲ្យបានគ្រប់ៗគ្នា ដើម្បីជាស្ពានឈានទៅរក អនាគត​ដ៏ភ្លឺស្វាងរបស់ពួកគេ និងក្លាយ​ទៅជាទំពាំង​ស្នងឬស្សី របស់ប្រទេសជាតិ។

ការអំពាវនាវរបស់ លោក ជា ចាន់តូ នេះធ្វើឡើងនាឱកាសដែលលោក ជួបសំណេះសំណាល ជាមួយកុមារជាង៤០០នាក់ នាឱកាសទិវាកុមារ​អន្ដរជាតិ ១មិថុនា ខួបលើកទី៦៩ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។

លោក ជា ចាន់តូ ឲ្យដឹងថា «ខ្ញុំសូមអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាល គ្រប់រូបត្រូវផ្ដល់ឱកាស ឲ្យបានគ្រប់គ្រាន់ដល់ការរៀនសូត្រ របស់កុមារជាកូនចៅរបស់ខ្លួន ដើម្បីឲ្យពួកគេក្លាយជាគ្រាប់ពូជ ពោរពេញដោយថាមពល និងជាទំពាំងស្នងឬស្សីពិតប្រាកដ សម្រាប់បន្តអភិវឌ្ឍន៍ប្រទេសជាតិ»

លោកអគ្គទេសាភិបាល ការបណ្ដុះបណ្ដាល ធនធានមនុស្ស ជាគោលនយោបាយដ៏មានសារៈសំខាន់បំផុត ទាំងបច្ចុប្បន្ន ក៏ដូចថ្ងៃអនាគតបន្ទាប់ពីប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ឥតឈប់ឈរជាបន្តបន្ទាប់ លើគ្រប់វិស័យនោះមក។

លោក ជា ចាន់តូ បានបញ្ជាក់ទៀតថា «ដើម្បីសម្រេចបានមហិច្ឆិតានេះ ប្រការសំខាន់ត្រូវថែរក្សា ការពារសុខសន្តិភាព ដែលមាននាពេលនេះឲ្យបានគង់វង្ស ដូចពាក្យចាស់ពោលថា បើរក្សាព្រៃបាន គឺមិនខ្វះអុសដុតនោះទេ»

លោកបានបញ្ជាក់ទៀតថា ការរៀបចំឲ្យមានការជួបជុំកុមារថ្ងៃនេះ ក្រៅពីអបអរសាទរទិវា កុមារអន្តរជាតិ១មិថុនា ខួបលើកទី៦៩ ក៏ជាការផ្ដល់ឱកាសឲ្យកុមារបានជួបប្រាស្រ័យទាក់ទងគ្នា ដោយភាពស្និទ្ធស្នាល។

នៅក្នុងឱកាសនៃការជួបជុំអបអរសាទរ ទិវាកុមារអន្តរជាតិនេះ ក៏បានរៀបចំការទទួលទាននំ និងភេសជ្ជៈសាមគ្គី ដល់កុមារដែលបាន ចូលរួមទាំងអស់និងបានផ្ដល់សំលៀកបំពាក់ សម្ភារៈសិក្សាសម្រាប់ ជាអនុស្សាវរីយ៍ ដើម្បីជាការលើកទឹកចិត្ត ក្នុងទិវាកុមារអន្តរជាតិ១មិថុនាផងដែរ៕