(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារ ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ការចុះសួរសុខទុក្ខ និងចែកអំណោយ ធ្វើឡើងក្រោមវត្តមាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកស្រី អ៊ឹម ថាវី អនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ, លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់បុរីផ្ទះល្វែង និងមានចូលរួមពីលោក លោកស្រី អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ។
លោក ហែម ដារិទ្ធិ បានគូសបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានចំនួន១៣សង្កាត់ ភូមិចំនួន១៦២ភូមិ សហគមន៍ចំនួន១៨ ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខបងប្អូនក្រក្រីជីវភាពខ្វះខាត ចាស់ជរាគ្នាទីពឹងឲ្យបានគ្រប់ៗគ្នា។ ដោយឡែក ប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ នៅព្រឹកមិញនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូ មី១កេស និងថវិកាចំនួន៥ម៉ឺនរៀល។
លោកអភិបាលខណ្ឌរូបនេះ បានទទូចឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ សូមមេត្តាសូមកុំបោះចោលសំរាមផ្តេសផ្តាស់ ត្រូវវិចខ្ចប់ឲ្យបានត្រឹមត្រូវ ជៀសវាងការបោះសំរាមចូលទៅក្នុងប្រឡាយ ឬលូរបង្ហូរទឹក ដែលធ្វើឲ្យមានការកកស្ទះ ជាហេតុដែលនាំឲ្យមានបញ្ហាប្រឈមជាច្រើនបានកើតឡើង និងលិចលង់ដល់លំនៅដ្ឋាន ពិសេសប៉ះពាល់សុខភាព អានាម័យ បរិស្ថានយ៉ាងខ្លាំង។
លោក ហែម ដារិទ្ធិ បានសង្កត់ធ្ងន់ថា អាជ្ញាធរ និងមានវិធានការស្តារប្រឡាយទឹក ចាប់បណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ សង្កាតកន្ទោក បង្ហូរចូលបឹងក្នុងសង្កាត់បឹងធំ និងស្តារតាមបណ្តោយផ្លូវទំកប់ស្រូវ រហូតដល់បឹងតាមោគ ក្នុងខណ្ឌព្រែកព្នៅ និងស្តារចាប់ពីសង្កាត់ចោមចៅ១ ចោមចៅ២ ចោមចៅ៣ ទៅដល់បឹងទំពន់ ក្នុងខណ្ឌមានជ័យ។
ជាចុងក្រោយ លោក ហែម ដារិទ្ធិ ក៏បានប្រាប់ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់គ្នា៕