(ភ្នំពេញ)៖ ប្រជាពលរដ្ឋភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ នៅតែបន្ដប្ដេជ្ញាចិត្តថា ពួកគាត់នឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខាងមុខនេះគ្រប់ៗគ្នា ព្រោះពួកគាត់ស្រលាញ់សន្ដិភាព និងការអភិវឌ្ឍន៍ ហើយពួកគាត់ថា ដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ការប្រកាសជាថ្មីនេះ របស់ប្រជាពលរដ្ឋត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាស លោក នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌដង្កោ បានចុះសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ដែលស្នាក់នៅតាមបូរី ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ចំនួនប្រមាណ១៥០នាក់។
ថ្លែងក្នុងឱកាសនោះ លោកអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។
លោកក៏បានលើកឡើង អំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព៕