(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម១៦នាក់ ក្នុងនោះស្រី០៥នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ (គ្មានឯកសារត្រឹមត្រូវ)។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានឲ្យដឹងថា កម្លាំងជំនាញបានចុះត្រួតពិនិត្យគោលដៅ ចំនួន០៣ទីតាំង ឃាត់ជនជាតិវៀតណាមចំនួន១៦នាក់ ស្រី០៥នាក់ ដែលបានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បន្ដថា ទីតាំងទាំង៣ខាងលើនេះ រួមមាន៖ សិប្បកម្មឈើ ផ្លូវលេខ១០៣, ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ឃាត់បានជនជាតិវៀតណាម ចំនួន០៨នាក់ ស្រីម្នាក់, ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឃាត់ជនជាតិវៀតណាម ចំនួន០៣នាក់ និងតាមហាងកាហ្វេ (ក្បែរវត្តភ្នំ) សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ជនជាតិវៀតណាម ចំនួន០៥នាក់ ស្រីម្នាក់។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី៕