(កោះកុង)៖ ស្រុកស្រែអំបិល ជាស្រុកមួយស្ថិត នៅក្នុងចំណោមស្រុកទាំង៧ នៃខេត្តកោះកុង ជាតំបន់មួយសម្បូរទៅដោយដីមានជីវជាតិ មានអាកាសធាតុល្អ ដែលជាអំណោយផលដ៏ល្អពីធម្មជាតិ ដើម្បីដាំដំណាំហូបផ្លែ ជាច្រើនប្រភេទ ជាពិសេសដំណាំទុរេន សាវម៉ាវ ដែលទទួលបានទិន្នផលខ្ពស់។
លោក សាក់ ផុន រស់នៅភូមិត្រពាំងកណ្ដោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ចំការទុរេន និងចំការសាវម៉ាវ របស់លោកមានចំនួន៥ហិកតា ហើយក្នុងមួយឆ្នាំៗ ទទួលបានចំណូលជិត៦ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ជីវភាព និងទិញរបស់របរប្រើប្រាស់ផ្សេងៗ ផ្គត់ផ្គង់គ្រួសារ។
លោក សាក់ ផុន បានថ្លែងយ៉ាងដូច្នេះថា «កាលពីឆ្នាំទៅ ខ្ញុំទទួលបានទិន្នផលទុរេនចំនួន៦តោន និងទទួលបានចំណូលប្រមាណជិត៦ម៉ឺនដុល្លារអាមេរិក ប៉ុន្តែមានផលលំបាកមួយចំនួន ក្នុងការថែទាំ»។
កសិកររូបនេះបានបន្តថា លោកបានចាប់ផ្តើមដាំទុរេន និងសាវម៉ាវ អស់រយៈពេល១០ឆ្នាំ និងបានទទួលផលក្នុងរយៈពេល៦ឆ្នាំ ដែលជួយឱ្យជីវភាពគ្រួសាររបស់លោក រស់នៅសមរម្យនឹងគេ។ ជាមួយគ្នានឹងទទួលបានចំណូលខ្ពស់ ពីដំណាំទុរេន និងសាវម៉ៅក៏ មានផលលំបាកច្រើនផងដែរ ដោយសារតែមានសត្វល្អិតមកបំផ្លិចបំផ្លាញ ជាពិសេសមេរោគលើស្លឹក មេរោគលើផ្លែ រួមផ្សំជាមួយអាកាសធាតុខ្យល់ព្យុះធ្វើឱ្យដាច់ផ្លែ និងដួលរលំដើមទុរេនអស់មួយចំនួន។
លោកបានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០១៨នេះ ទុរេនបានឱ្យផលច្រើន ប៉ុន្តែអាកាសភ្លៀងធ្លាក់ខ្លាំង បូករួមជាមួយខ្យល់ព្យុះ បានធ្វើឱ្យផ្លែទុរេន ដាច់ធ្លាក់អស់មួយចំនួនធំផងដែរ រីឯចំការសាវម៉ៅវិញ មិនសូវឱ្យផលនោះទេ ដោយសានៅពេលធ្លាក់ផ្កា មេឃភ្លៀងយ៉ាងខ្លាំ ងធ្វើឱ្យផ្កាសាវម៉ៅជ្រុះ។
លោក សាក់ ផុន បានបញ្ជាក់ថា ទោះជាយ៉ាងណាក្តី សម្រាប់ដំណាំទុរេន ក្នុងមួយដើមបានផ្តល់ទិន្នផលពី៣០០គីឡូក្រាម ទៅ៤០០គីក្រាម អាស្រ័យទៅលើដើមរបស់វា ប៉ុន្តែទោះបីជាមានអាកាសធាតុមិនសូវល្អក៏ទុរេនមួយដើម អាចផ្តល់ទិន្នផលចាប់ពី៤០ ទៅ៥០គីឡូក្រាមដែរ។ សម្រាប់ពូជទុរេន ដែលបានយកមកដាំនៅលើចំការនេះ គឺយកពូជមកពីប្រទេសថៃ ប្រភេទម៉ាន់ថង និងសូនី។
ចំពោះបង្ហាញទីផ្សារវិញ កសិកររូបនេះនិយាយថា គ្មានអ្វីព្រួយបារម្ភឡើយ ដោយតែប្រមូលផលបាន គឺមានម៉ូយមកចាំទិញដល់ផ្ទះមិនពិបាលអ្វីឡើយ។ ចំណែកតម្លៃវិញ គឺលក់ឲ្យម៉ូយដុំ តម្លៃ១៧,០០០រៀល ក្នុងមួយគីឡូក្រាម និងលក់រាយជាង២ម៉ឺនរៀល ក្នុង១គីឡូក្រាម។
សម្រាប់ដំណាំទុរេន និងសាវម៉ៅ នៅក្នុងចំការរបស់លោក គឺបានប្រើប្រាស់ជីសិរីរាង្គ (ជីធម្មជាតិ អាចម៌គោ) និងថ្នាំសម្លាប់សត្វល្អិតបន្តិចបន្តួចតែប៉ុណ្ណោះ តាមបច្ចេកទេសរបស់ អង្គកាសេដាក ដែលបានចុះមកបង្ហាត់បង្រៀន។ ជាពិសេសលោករួមជាមួយប្រជាកសិករមួយចំនួន នៅក្នុងភូមិបានចងក្រងជាសហគមន៍ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី ឱ្យងាយមកប្រើប្រាស់ជីធម្មជាតិ ដើម្បីលើកស្ទួយសុខភាព អ្នកបរិភោគផងដែរ៕