(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងរៀបចំវេទិកាការងារ ដើម្បីផ្តល់ឱកាសដល់អ្នកស្វែងរកការងារ សិស្សនិស្សិត បានជួបសម្ភាសជាមួយតំណាងក្រុមហ៊ុនដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកជាចាំបាច់។
ជាក់ស្តែងសម្រាប់ថ្ងៃទី៣១ ខែឧសភា កន្លងទៅនេះមានក្រុមហ៊ុនចំនួន១០បានចូលរួមក្នុងវេទិកាការងាររបស់NEA ដែលមានអ្នកជាប់ការងារនៅតាមក្រុមហ៊ុនជាង៣០០នាក់ ក្នុងនោះអ្នកជាប់ស្ថាពរចំនួន ៧៤នាក់ និងជាប់បឋមចំនួន ២២២នាក់។
ក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុន GFX Investment ជាប់ស្ថាពរ៣៤នាក់ ធនាគារ AEON ជាប់ស្ថាពរ១៩នាក់ និងជាប់បឋម១៣នាក់ ក្រុមហ៊ុនPark Cafe' ជាប់ស្ថាពរ ១០នាក់ និងជាប់បឋម ០២នាក់ ក្រុមហ៊ុន Borey Peng Huoth ជាប់ស្ថាពរ ០៥នាក់ និងជាប់បឋម ២៥នាក់ ក្រុមហ៊ុន DKSH ជាប់ស្ថាពរ០៦នាក់ និងជាប់បឋម ២៤នាក់ មីក្រូហិរញ្ញវត្ថុAMK ជាប់បឋម៦៦នាក់ ក្រុមហ៊ុន Dynamic Pharma ជាប់បឋម 31នាក់ ក្រុមហ៊ុនYINKOK ជាប់បឋម ២៣នាក់ ក្រុមហ៊ុនBrown Coffee ជាប់បឋម ២៤នាក់ និងក្រុមហ៊ុន Chip Mong Insee ជាប់បឋម១៤នាក់។
ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ លោក អាំង ភារៈ បានឲ្យដឹងថា ជារៀងរាល់ខែមជ្ឈមណ្ឌលការងារ តែងតែសហការជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីរៀបចំសម្ភាសការងារ។
លោកបញ្ជាក់ថា «តាមពិតទៅតាមសូចនាកររបស់យើង មួយខែយើងរៀបចំវេទិកាការងារនេះតែម្តងប៉ុណ្ណោះ តែដោយមានការស្នើសុំ នឹងគាំទ្រពីម្ចាស់ក្រុមហ៊ុនច្រើនពេក យើងក៏រៀបចំវេទិកាការងារនេះពីរលើក ទៅបីលើក ក្នុងមួយខែជាក់ស្តែងសម្រាប់ខែនេះ យើងរៀបចំរហូតដល់ទៅ៤លើកឯណោះ ដោយសារតែមានការស្នើសុំពីខាងក្រុមហ៊ុនសហការ»។
លោក អាំង ភារៈ បញ្ជាក់បន្ថែម «ព័ត៌មានពិតជាមានសារៈសំខាន់ណាស់ សម្រាប់យុវជន ជាពិសេសអ្នកស្វែងរកការងារ ហើយខ្ញុំសង្ឃឹមថា អ្នកដែលកំពុងស្វែងរកការងារទំាងអស់ នឹងព្យាយាមស្វែងរកប្រភពព័ត៌មានការងារមួយ ដែលច្បាស់លាស់ និងជឿទុកចិត្តបាន ហើយ NEA ជាប្រភពព័ត៌មានការងារដ៏សំបូរបែបរបស់រដ្ឋ ដែលលោកអ្នកអាចជឿជាក់បាន»។
គួរបញ្ជាក់ថាជាក់ស្តែង ក្នុងខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ រៀបចំកម្មវិធីវេទិកាការងារ និងកិច្ចសម្ភាសការងារដល់ទៅ៤ដង ដែលនាំយកឱកាសការងារជាង ២២០០ កន្លែងពីក្រុមហ៊ុនធំៗចំនួន ២២ ក្រុមហ៊ុន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕