(សៀមរាប)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ បានណែនាំឲ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងអង្គភាពចំណុះទាំងអស់ ត្រូវបន្តជួយឧបត្ថម្ភគាំទ្រនូវសកម្មភាពប្រមូលមូលនិធិទ្រទ្រង់ជួយដល់កុមារក្រីក្រ និងកុមារងាយរងគ្រោះ ឲ្យកាន់តែទូលំទូលាយថែមទៀត និងផ្តល់ឱកាសពួកគេបានសប្បាយរីករាយ ទទួលបាននូវភាពកក់ក្តៅ។
ការថ្លែងបែបនេះរបស់ លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ប្រារព្ធទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា ០១មិថុនា ខួបលើកទី៦៩ ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានផ្តាំផ្ញើលើកទឹកចិត្តដល់កុមារា កុមារីទាំងអស់ថា ពេលកំពុងសិក្សានៅក្នុងសាលា ត្រូវខិតខំរៀនសូត្រ ស្តាប់បង្គាប់លោកគ្រូ អ្នកគ្រូ គោរពវិន័យសាលា នៅផ្ទះស្តាប់ដំបូន្មានការអប់រំរបស់ឪពុកម្តាយ កុំឲ្យឪពុកម្ដាយខកបំណងដែលពួកគាត់ ប្រឹងប្រែងណែនាំ អប់រំ និងចិញ្ចឹមបីបាច់។
បំណងតែម្យ៉ាង លោកគ្រូ អ្នកគ្រូ អ្វីដែលពួកគាត់ចង់បានពីក្មួយៗវិញនោះ គឺចង់ឃើញក្មួយៗប្រព្រឹត្តិតែអំពើល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ ដែលសង្គមស្អប់ខ្ពើម ហើយត្រូវធ្វើជាទំពាំង សម្រាប់ស្នងតំណែងក្លាយជាឫស្សីនាពេលអនាគត។ ដើម្បីក្លាយជាទំពាំងល្អ រឹងមាំ និងមានសមត្ថភាព ត្រូវខិតខំសិក្សារៀនសូត្រ ដោយខំប្រឹងខ្លួនឯងផង និងជួយដាស់តឿនជំរុញមិត្តភ័ក្រឲ្យខំរៀនផង។
រដ្ឋមន្ត្រី បាននាំនូវផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា ០១មិថុនា ខួបលើកទី៦៩ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូពីសុខទុក្ខរបស់កុមារា កុមារី នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ក្នុងទូទាំងប្រទេស។
ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ និងលោកស្រី បានឧបត្ថម្ភថវិកាចំនួន៩,៤៥០,០០០រៀល ដើម្បីផ្តល់ជូនកុមារា កុមារី មកពីអង្គការនានា ចំនួន១,០៦៦នាក់ ក្នុងម្នាក់ៗទទួលបាន៥ពាន់រៀល លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រង អង្គការស្ថាប័ននានា ចំនួន២០៦នាក់ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានឧបត្ថម្ភដល់ កម្មវិធីចំនួន៤លានរៀលផងដែរ។
សូមជំរាបថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបអង្គរ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា ០១មិថុនា ខួបលើកទី៦៩ ក្រោមប្រធានបទ «រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ខួបលើកទី១៧ ក្រោមប្រធានបទ «ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព សម្រាប់កម្មករ និយោជិតវ័យក្មេង ដើម្បីលប់បំបាត់ពលកម្មកុមារ» ដោយមានកុមារចំនួន១,២០០នាក់ មកពីស្ថាប័ន អង្គការ ចំនួន២៦ក្នុងខេត្តសៀមរាប៕