(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងថា ដោយក្ដាប់បាននូវស្ថានភាពជាក់ស្ដែងពីតម្រូវការចាំបាច់ និងកង្វល់របស់កម្មករ ដែលត្រូវថៅកែរោងចក្ររត់ចោលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ដល់បុរេប្រទានថវិកាសម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ជូនកម្មករដែលធ្លាប់បម្រើការងារនៅក្នុងរោងចក្រចំនួន៩។ នេះបើតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងការងារ បានបញ្ជាក់ថា រោងចក្រទាំង៩នោះ រួមមាន៖ នៅរាជធានីភ្នំពេញមាន៥រោងចក្រ នៅខេត្តកណ្ដាលមាន ១រោងចក្រ និងនៅខេត្តកំពង់ស្ពឺមាន៣រោងចក្រ។
ក្រសួងការងារក៏បានអំពាវនាវ ដល់អតីតកម្មនៅរោងចក្រកែវ ដែលមានទីតាំងស្ថិតនៅភូមិបុសតានៃ ឃុំកាហែរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនោះ ត្រូវមកពិនិត្យបញ្ជី និងបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដោយសាមីខ្លួនផ្ទាល់ នៅមន្ទីរការងារខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី០៧-១៥ ខែមិថុនា ឆ្នាំ២០១៨ រៀងរាល់ម៉ោងធ្វើការ។
ក្រសួងការងារតម្រូវឲ្យកម្មករនិយោជិត យកមកនូវឯកសារពាក់ព័ន្ធដូចខាងក្រោម៖
១. កាតសម្គាល់ខ្លួនកម្មករក្នុងរោងចក្រ (ច្បាប់ដើម) ឬសៀវភៅការងារ ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬកិច្ចសន្យាការងារ។
២. បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មនិយោជិតម្នាក់ៗ (បើមាន)៕
ដំណោះស្រាយនេះ បានកើតឡើងបន្ទាប់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅថ្មីៗនេះ បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង ពន្លឿនដោះស្រាយបញ្ហាជូនកម្មករ-កម្មការិនី ដែលត្រូវថៅកែរត់ចោលឲ្យបានឆាប់រហ័សបំផុត បើថវិកាដែលត្រូវបើកនោះមិនគ្រប់ទេ សម្ដេចនឹងផ្តល់បុរេប្រទានថវិកាបន្ថែម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងថា វិសោធនកម្មច្បាប់ស្ដីពីការងារ នាខែមិថុនា ឆ្នាំ២០១៨នេះ ក៏នឹងកំណត់ឲ្យបណ្តារោងចក្រនានា ត្រូវដោះស្រាយប្រាក់អតីតភាពការងារជូនកម្មករ-កម្មការិនី រៀងរាល់៦ខែម្ដង ដើម្បីជៀសវាងបញ្ហាថៅកែរត់ចោលរោងចក្រ គេចពីការទទួលខុសត្រូវលើប្រាក់អតីតភាពរបស់កម្មករ៕