(ភ្នំពេញ)៖ នៅថ្ងៃទិវាកុមារអន្តជាតិ (១មិថុនា) គេបានសង្កេតឃើញ តារាសម្តែង តារាចម្រៀង ពិធីករ ពិធីការិនីល្បីៗជាច្រើនរូប បានបង្ហាញវត្តមានទាំងព្រឹក ដើម្បីជួបជុំសួរសុខទុក្ខ ចែកចំណីអាហារ និងសម្ភារៈសិក្សា ដល់កុមារពិការគថ្លង់ ក្នុងអង្គការគ្រួសារថ្មី។ កម្មវិធីនេះ ធ្វើឡើងថ្ងៃទី ០១ ខែមិថុនា នៅចំថ្ងៃទិវាកុមាអន្តរជាតិ ដែលដឹកនាំដោយ ក្រុមសិល្បករមនុស្សធម៌សម័យ តេជោសែន។
ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា បានថ្លែងថា សិល្បករទាំងអស់ពិតជារីករាយខ្លាំង ដែលបានជួបជុំ និងចូលរួមសាកសួរសុខទុក្ខ ប្អូនៗក្មួយៗ ជាកុមារពិការគថ្លង់នៅទីនេះ។ នេះគឺជាការចែករំលែកនៃក្តីស្រឡាញ់ ចំថ្ងៃទិវាកុមារអន្តរជាតិ និងចង់បញ្ជាក់ថា នាងនិងសិល្បករទាំងអស់ ពិតជាចូលរួមលើកទឹកចិត្ត និងឆ្លៀតឱកាសដ៏មមាញឹក ដើម្បីសាកសួរសុខទុក្ខ និងនាំយកមកនូវ អំណោយផ្ទាល់ខ្លួន ពិសេសអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរ តែងយកចិត្តទុកដាក់ ចំពោះកូនៗក្មួយៗនៅទីនេះ។
លោក កុយ ស៊ីឌឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្លឹបសិល្បៈ ឌីភី បានបញ្ជាក់ថា ទោះបីជាមមាញឹក នឹងការងារសិល្បៈ ក៏សិល្បករទាំងអស់បានរួមគ្នា ចូលរួមកម្មវិធីនេះ ដើម្បីបង្ហាញពីការស្រឡាញ់ និងលើកទឹកចិត្តដល់ប្អូនៗក្មួយ។ លោកក៏បានលើកទឹកចិត្តដល់ប្អូនៗក្មួយៗ ឲ្យបន្តការខិតខំសិក្សារៀនសូត្រ តស៊ូជម្នះក្នុងជីវិត ទៅមុខបន្តទៀត។ លោកជឿជាក់ថា ប្អូនៗក្មួយដែលកំពុងសិក្សា រៀនសូត្រនៅទីនេះ នឹងរៀបចំខ្លួនឲ្យក្លាយជាបុគ្គលល្អ និងជាគំរូក្នុងសង្គម ទោះបីជាប្អូនៗក្មួយៗពិការរូបរាយកាយ ប៉ុន្តែបេះដូងចិត្តគំនិត មិនពិការទេ។ លោករំពឹងដែរថា សិល្បករទាំងអស់នឹងបន្តសកម្មភាពសង្គម ដោយការចុះចែករំលែកទាំងពេលវេលាថវិកា នៅឱកាសក្រោយៗទៀត។
ក្នុងឱកាសនេះដែរ សិល្បករទាំងអស់បានចូលរួម ចែកអំណោយជាសម្ភារៈសិក្សា ថវិកា និងអាហារដល់កុមារគថ្លង់ ក្នុងសាលាទាំងអស់។ ក្រុមសិល្បករមនុស្សធម៌សម័យតេជោសែន ដែលដឹកនាំដោយ លោក កុល សុភោ ក៏បានប្រគល់ថវិកាមួយចំនួន ដល់លោកគ្រូអ្នកគ្រូទាំងអស់ រួមទាំងថវិកា ជួយទ្រទ្រង់សកម្មភាពនានា សម្រាប់សាលាផងដែរ។
គួរបញ្ជាក់ដែរថា តារាប្រុសស្រីល្បីឈ្មោះ ដែលលេចមុខក្នុងកម្មវិធីនេះ មានដូចជា អ្នកនាងយុគ ចិន្តា, លោក ជា ដេវីត, កញ្ញា ទេព បូព្រឹក្ស, លោក កុយ ស៊ីឌឿន, កញ្ញា វី ឌីណែត ,លោក កុល សុភោ, អ្នកនាង កាឆយ, លោក ឃុន វុត្ថា និងអ្នកសិល្បៈជាច្រើនរូបទៀត៕