(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានចាត់ទុកការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ឲ្យប្រជាពលរដ្ឋយកទឹកថ្នាំខ្មៅផ្សេងមកជ្រលក់ម្រាមដៃ បន្លំថាបានបោះឆ្នោត គឺជាផែនការទុច្ចរិត ក្នុងគោលបំណងប្រើប្រាស់រូបភាពទាំងនេះ ដើម្បីបង្កភាពវឹកវរក្នុងសង្គម ក្រោមលេសតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ លោកថា អ្នកដែលជ្រលក់ទឹកថ្នាំខ្មៅផ្សេង ដើម្បីបន្លំថាបានបោះឆ្នោតជាការចូលរួមអនុវត្តផែនការញុះញង់

បង្កភាពវឹកវរដល់សន្តិសុខសង្គម ល្មើសនឹងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក គឹម សន្តិភាព បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះថា «ការបង្កើនចំនួនអ្នកម្រាមដៃខ្មៅ លើសពីចំនួនអ្នកបានទៅបោះឆ្នោតពិតប្រាកដ ជាការបង្កើតនូវស្ថិតិប្រឌិត ដើម្បីបំភ័ន្តថាការបោះឆ្នោតមិនមានភាពត្រឹមត្រូវ ឈានទៅបង្កើតការតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដែលនឹងបង្កើតឲ្យមានភាពវឹកវរក្នុងសង្គមក្រោយការបោះឆ្នោត»។

«សកម្មភាពនេះ គឺជាការញុះញង់បង្កឲ្យមានភាពវឹកវរប៉ះពាល់ដល់សន្តិសុខសង្គម ដែលល្មើសទៅនឹងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកចូលរួមអនុវត្តតាមផែនការទុច្ចរិតនេះ នឹងប្រឈមការអនុវត្តច្បាប់តាមបញ្ញត្តិនៃមាត្រាខាងលើនេះ។ សូមបងប្អូនប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការទុច្ចរិតនេះ»។ លោក គឹម សន្តិភាព បញ្ជាក់បន្ថែម។

អ្នកនាំពាក្យរូបនេះ បានអះអាងទៀតថា អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មានភារកិច្ចបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពទាំងឡាយណាដែលជាអំពើល្មើសច្បាប់ប៉ះពាល់ដល់សន្តិសុខសង្គម៕