(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល ក៏ដូចជាគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវនាំគ្នាចូលរួមទប់ស្កាត់ ចំពោះអំពើទាំងឡាយណាដែលរំលោភបំពាន អំពើហិង្សា ការប្រើប្រាស់ និងការជួញដូរលើកុមារគ្រប់រូបភាព ព្រោះថា កុមារគឺជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិមិនអាចខ្វះបាន ដែលយើងទាំងអស់គ្នាត្រូវថែរក្សា និងគាំពារ។
លោក អភិបាលរងខេត្តរូបនេះ បានថ្លែងក្នុងឱកាសដែលលោក និងលោកស្រី ម៉េង វ៉ាន់ដានីន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើក ទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៨ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួនប្រមាណ១៤០០នាក់ នៅសាលាបឋមសិក្សាដំរិល ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ។លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបន្តថា «ការរួមគ្នាទប់ស្កាត់ប្រឆាំងអំពើហិង្សា និងការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ វាជាការងារយើងទាំងអស់គ្នាធ្វើ និងរួមគ្នាលុបបំបាត់ឲ្យបាននូវគ្រប់រូបភាពណាដែលប៉ះពាល់ រំលោភបំពានលើកុមារ ហើយតាមរយៈនេះកុមារនឹងទទួលបាននូវ ការគាំពារ និងថែទាំបានល្អត្រឹមត្រូវ»។
លោក អភិបាលរងខេត្ត បានបញ្ជាក់ថា «អនាគតប្រទេសជាតិ គឺសង្ឃឹមទៅលើក្មួយៗ នេះហើយដូច្នេះសូមក្មួយៗ កសាងខ្លួនឲ្យបានល្អ និងត្រូវប្រឹងប្រែង រៀនសូត្រឲ្យក្លាយជាសិស្សពូកែ ដើម្បីកសាង និងអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើនបន្តទៀត ហើយក្នុងនោះក្មួយៗក៏ត្រូវតែជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលវាធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល»។
ក្ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានចែកនូវអង្ករវីតាមីន និងសម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រ ចំនួន១០០នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូចំនួន៤៥នាក់ មកពី៥សាលា ដោយក្នុងម្នាក់ៗទទួលបានអង្ករវីតាមីន៥កញ្ចប់ និងសារ៉ុង១ផងដែរ ៕