(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីជូនដំណឹងប្រាប់ដល់ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៨ ដែលចាប់ផ្តើមប្រមូលចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។
នេះបើយោងតាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនានេះ។
សេចក្តីជូនដំណឹងដដែលបានបន្តថា នៅពេលដាក់លិខិតប្រកាស និងបង់ពន្ធ ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ថតចម្លង រួមមាន៖ ប័ណ្ណសម្គាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្ត (សម្រាប់យានយន្តក្រៅពីប្រភេទ Pick up) ដែលចេញដោយអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឬបង្កាន់ដៃបង់ពន្ធនាំចូល ឬលិខិតបញ្ជាក់ការប្រើប្រាស់យានយន្តចេញដោយ ឃុំ-សង្កាត់ ចំពោះយានយន្តកែច្នៃក្នុងស្រុក និងច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើតរបស់ម្ចាស់យានយន្តចេញ ដោយមន្ត្រីអត្រានុកូលដ្ឋាន។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ទៀតថា ចំពោះយានយន្តដែលទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទហើយនោះ គឺពុំចាំបាច់បំពេញលិខិតប្រកាសបង់ពន្ធទៀតទេ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចទាំងស្រុង៖