(ភ្នំពេញ)៖ អគ្គលេខាធិការបក្សខ្មែរសាធារណរដ្ឋ លោក ញ៉ែម អេន បានចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ដែលអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត គឺជាទង្វើរបស់ជនអគតិ
ការលើកឡើងរបស់លោក ញ៉ែម អេន បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មិនឲ្យទៅបោះឆ្នោត ក្រោមយុទ្ធនាការ «ដេកផ្ទះ ឈ្នះឯង»។ ទណ្ឌិតរូបនេះបន្តទៀតថា ការមិនទៅបោះឆ្នោត គឺគាំទ្រគណបក្សសង្រ្គោះជាតិ ឯការទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បក្សកំពុងកាន់អំណាច។
ថ្លែងតាមទូរស័ព្ទមកបណ្តាញសារព័ត៌មាន Fresh News អគ្គលេខាធិការគណបក្សរបស់លោក លន់ ឬទ្ធិ កូនប្រុសរបស់លោក លន់ នល់ បានបញ្ជាក់ថា «អ៊ីចឹងខ្ញុំសុំបញ្ជាក់ ដូចទាក់ទងដូចលោក សម រង្ស៊ី គាត់ប្រកាសមិនឲ្យពលរដ្ឋទៅបោះឆ្នោត នេះជាសិទ្ធិរបស់ឯកជនទេណា។ នោះជាជនអគតិហើយ ម៉េចបានជាជនអគតិ? មានន័យថា ចុះបើលោក សម រង្ស៊ី អត់ចូលមកស្រុកខ្មែរ ពលរដ្ឋខ្មែរ១៥លាននាក់ហ្នឹងចាំ សម រង្ស៊ី ដែរអត់»?
មន្ត្រីជាន់ខ្ពស់គណបក្ស ដែលបង្កើតឡើងដោយកូនប្រុសរបស់អតីតសេនាប្រមុខ លន់ នល់ រូបនេះ បានបញ្ជាក់ទៀតថា «អ៊ីចឹងខ្ញុំចង់និយាយថា វាជាសិទ្ធិរបស់ប្រជាពលរដ្ឋ អ្នកទូទៅដែលស្នេហាជាតិ មិនមែនមានតែ សម រង្ស៊ី មួយទេ មានច្រើនណាស់ គេស្រឡាញ់ជាតិ គេគិតប្រយោជន៍ជាតិ»។
លោក ញ៉ែម អេន ក៏ចង់បញ្ជាក់ទៅប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសថា គណបក្សខ្មែរសាធារណរដ្ឋ បានរៀបចំប្រឡូកចលនាក្នុងរដ្ឋសភាជាតិ មានគោលបំណងបីសំខាន់ៗ៖ ទី១៖ មិនយកខ្មែរណាធ្វើជាសត្រូវ, ទី២៖ រិះគន់ក្នុងការស្ថាបនា និងទី៣៖ អ្វីៗក៏ដោយដោយ កុំមានការលាបពណ៌គ្នា កុំវាយប្រហារគ្នា។
ជាមួយគ្នានេះ លោក ញ៉ែម អេន បានឲ្យដឹងថា គោលនយោបាយរបស់គណបក្សខ្មែរសាធារណរដ្ឋ មានចំនួន១៥ចំណុចដូចខាងក្រោម៖
*១៖ គោរព និងការពាររដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា
*២៖ លើកតម្កើងសេរីភាពយុត្តិធម៌ សមភាព និងលិទ្ធិប្រជាធិបតេយ្យ
*៣៖ ការពារសិទ្ធិមនុស្ស
*៤៖ ស្តារ និងស្ថាបនាឡើងវិញ ព្រមទាំងធ្វើទំនើបកម្ម ដល់ប្រជាជាតិតាមគម្រោងសេដ្ឋកិច្ចសេរី
*៥៖ ពង្រីងកសិកម្ម និងឧស្សាហកម្ម
*៦៖ បង្កើតការងារ និងលើកស្ទួយដល់ប្រជាពលរដ្ឋគ្រប់រូប
*៧៖ ពង្រឹងពាណិជ្ជកម្មទីផ្សារសេរី ទាំងនៅក្នុង និងក្រៅប្រទេស
*៨៖ ធានាការពារបេតិកភណ្ឌជាតិ សិទ្ធិកាន់កាប់អចលនទ្រព្យឯកជន របស់ប្រជាពលរដ្ឋគ្រប់រូប
*៩៖ ដំឡើង និងធ្វើឲ្យមានតុល្យភាពអភិវឌ្ឍន៍ដល់បុគ្គលិកមន្ត្រីរាជការគ្រប់ស្ថាប័ន
*១០៖ លុបបំបាត់អំពើពុកលួយ
*១១៖ ពង្រឹងវិស័យអប់រំជាតិ វប្បធម៌ ទំនៀមទម្លាប់ និងសាសនា
*១២៖ ពិនិត្យ និងកែតម្រូវនូវកិច្ចសន្យាទាំងឡាយណាដែលមិនសមស្រប
*១៣៖ រក្សាអព្យាក្រឹត្យភាព ឯករាជ្យភាព ការពារភិបាលធិបតី
*១៤៖ ការពារសម្បត្តិធនធានធម្មជាតិលើដី ក្រោមដី ដូចជាព្រៃឈើ មច្ឆាជាតិ និងរ៉ែផ្សេងៗ
*១៥៖ បង្កើតសេវាកម្មសុខាភិបាល និងសង្គម។
អគ្គលេខាធិការរូបនេះ បន្តថា គោលនយោបាយដែលសំខាន់ជាងគេ គឺការលុបបំបាត់អំពើពុករលួយ ព្រោះសព្វថ្ងៃអំពើពុករលួយ កំពុងស្ថិតក្នុងស្ថាប័នទាំងអស់ មានលក្ខណៈបក្សពួកនិយម គ្រួសារនិយម កេងប្រវ័ញ្ច ការសូកប៉ាន់ ជាពិសេសក្នុងស្ថាប័នតុលាការ។ លោកថា ប្រសិនបើបញ្ចប់អំពើពុករលួយបាន អ្វីៗនឹងល្អប្រសើរទាំងអស់ សម្រាប់ប្រទេសជាតិ។
សូមបញ្ជាក់ថា គណបក្សខ្មែរសាធារណរដ្ឋ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានអនុញ្ញាតជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ គណបក្សនេះ បានដាក់បេក្ខជនសរុបចំនួន ៦០រូប សម្រាប់ការឈរឈ្មោះនៅរាជធានី/ខេត្ត ចំនួន ១០មណ្ឌល៕