(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ នឹងត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីគណបក្សប្រជាជនកម្ពុជា មានឱកាសដឹកនាំ ប្រទេសកម្ពុជា ថែរក្សាការពារ និងអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត។
ការអំពាវនាវយ៉ាងដូច្នេះ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា កសាងអគារមន្ទីរពេទ្យបង្អែក «សាមគ្គី» ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយ បងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ ទីកន្លែងទូទាំងប្រទេសកម្ពុជា។
តាមរយៈមណ្ឌលសុខភាពនេះផងដែរ លោក ខ្វាន់ សៀម និងក្រុមការងារ បានចូលរួមសហការគ្នា ក្នុងការកសាងមន្ទីរពេទ្យបង្អែកនេះឡើង ដែលបានចំណាយអស់ថវិកាអស់ ៤១៨,០៦៤ ដុល្លារ។ សមិទ្ធផលទាំងនេះ កើតឡើងបានដោយសារតែប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់បែបយ៉ាងក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រោម ការអនុវត្តន៍នូវគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល។
លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍ និងត្រូវទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា មានឱកាសដឹកនាំប្រទេសកម្ពុជា ថែរក្សាការពារ និងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត៕