(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនដល់សមាជិកអតីតយុទ្ធជនចំនួន៩២២នាក់ ក្នុងស្រុកម៉ាឡៃ ដែលជាស្រុកជាយដែនរបស់ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។
ក្នុងពិធីនេះក៏មានការចូលរួមពី លោក ស៊ួន បវ អភិបាលខេត្តបន្ទាយមានជ័យ និងប្រធាន អនុប្រធាន សមាជិក សមាគមអតីតយុទ្ធជនខេត្ត ស្រុកជាច្រើនរូបទៀតផងដែរ។
លោកវរសេនីយ៍ទោ បេន សំអាត ប្រធានសមាគមអតីតយុទ្ធជនស្រុកម៉ាឡៃ បានរាយការណ៍ថា បច្ចុប្បន្ននេះសមាគមអតីតយុទ្ធជនស្រុកម៉ាឡៃ បាននិងកំពុងគ្រប់គ្រងសមាជិកអតីតយុទ្ធជន សរុប៩២២នាក់ ក្នុងនោះមានគ្រួសារពលីចំនួន១១០នាក់, គ្រួសារជនមរណចំនួន៤៧គ្រួសារ, និវត្តន៍ជន៣២៤គ្រួសារ, ជនបាត់បង់សមត្ថភាពពលកម្មចំនួន៣នាក់, ជនពិការចំនួន៤៣៨នាក់ ដែលរស់នៅក្នុងឃុំទាំង៦។
លោកប្រធានសមាគមអតីតយុទ្ធជនស្រុក បានបញ្ជាក់ទៀតថា តាមការចុះពិនិត្យរបស់ក្រុមការងារសមាគមដល់ភូមិដ្ឋានសមាជិកសមាគម បានធ្វើបច្ចុប្បន្នភាពបានចំនួន៨៣១នាក់ ក្នុងនោះមានគ្រួសារទីទាល់ក្រ២៩នាក់, មានដីអត់ផ្ទះ២៧នាក់, អត់ដីអត់ផ្ទះ២៩នាក់, រស់នៅលើដីសាធារណម្នាក់។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បានគូសបញ្ជាក់ថា វីរជនស្នេហាជាតិ ពិតប្រាកដ គឺជាអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់អាយុជីវិត រហូតធ្លាក់ខ្លួនពិការពលី មរណ បាត់បង់សមត្ថភាពពលកម្ម ដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជន មិនមែនជនបំពុលសង្គម ដឹកនាំប្រជាជនធ្វើបាតកម្ម ទាមទារដីធ្លី បង្កអសន្តិសុខដល់សង្គមជាតិ ជាវីរជននោះឡើយ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបាននិងកំពុងស្តារ និងអភិវឌ្ឍន៍ប្រទេសរីកចម្រើនយ៉ងឆាប់រហ័ស ពិសេសបានយកចិត្តទុកដាក់គិតគូរដល់អតីតយុទ្ធជនបំផុត តាមរយៈការផ្តល់ដី ផ្ទះ ជូនដល់អតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ មាស សុភា បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ សូមកុំភ្លេចនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខាន។
សូមជម្រាបថា អតីតយុទ្ធដែលត្រូវបំពាក់គ្រឿងឥស្សរិយយសការពារជាតិ មានសរុប៩២២នាក់ ក្នុងនោះមានថ្នាក់មេដាយមាស២គ្រឿង, មេដាយប្រាក់១២៩គ្រឿង និងសំរិទ្ធិ៧៩១គ្រឿង ហើយនាយឧត្តមសេនីយ៍បានភ្ជាប់ថវិកាម្នាក់ៗ ៥០,០០០រៀលផងដែរ៕