(ព្រះវិហារ)៖ ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខ ចាក់ចំបំពង់កធ្លាយពីឆ្វេងទៅស្តាំ បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទីព្រឹក ស្ថិតនៅក្នុងដីចំការ ក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានចំងាយពីភូមិប្រហែលជា៤គីឡូម៉ែត្រ។

សាកសពស្ត្រីរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ហៀប សុភាព អាយុ៥១ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។ ក្រោយកើតហេតុសមត្ថកិច្ច ក៏បានចុះទៅធ្វើកោសល្យវិច្ច័យ​ លើសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋាន ថាករណីនេះជាករណីឃាតកម្ម។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនដៃដល់ដែលបានរត់គេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចកំពង់ដុតដៃដុតជើង ស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោស ទៅតាមនីតិវិធីច្បាប់៕