(កោះកុង)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង រៀបចំពិធីបញ្រ្ជាបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ «រួមគ្នាដើម្បីបញ្ជ្របមេត្រីភាពបរិស្ថាន» នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង។
លោក សាបូ អូហ្សាណូ បានលើកឡើងថា ក្នុងពិធីបញ្រ្ជាបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ «រួមគ្នាដើម្បីបញ្រ្ជាបមេត្រីភាពបរិស្ថាន» នេះគឺសំដៅទៅលើបរិស្ថាន គឺឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សាបរិស្ថាន ដើម្បីសុខភាពខ្លួនឯងផង ដើម្បីវិស័យទេសចរណ៍ និងកែលំអរហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តផង។
លោកបានលើកឡើងបន្តថា បើផ្នែកវិស័យទេសចរណ៍មានសោភ័ណ្ឌភាពល្អ ប្រជាពលរដ្ឋមានជីវភាពធូរធានបានមួយកម្រិតក្នុងក្រុមគ្រួសារ ហេតុដូច្នេះរួមគ្នាថែរក្សាបរិស្ថាទាំងអស់គ្នា ដើម្បីទាំងអស់គ្នា។
ជាមួយគ្នានេះ លោក ផៃធូន ផ្លាមកេសន បានលើកឡើងថា ប្រទេសជាតិទាំងមូលទទួលបានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ដោយវិស័យបរិស្ថាន ជាវិស័យដ៏សំខាន់មួយ ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងកម្មវិធីបញ្ជ្រាបមេត្រីភាពបរិស្ថាននាពេលនេះ គឺជាព្រឹត្តិការណ៍ថ្មីមួយ ក្នុងវិស័យបរិស្ថាន ដោយសំដៅដល់ការស្រលាញ់ ការចូលរួមទទួលខុសត្រូវ និងភាពស្និទ្ធស្នាល ជាមួយមជ្ឈដ្ឋាននៃការរស់នៅរបស់ពលរដ្ឋគ្រប់ៗគ្នា រួមមាន ធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីជាដើម បើបរិស្ថានស្អាតពិតជាក្តីប្រាថ្នា របស់មនុស្សគ្រប់រូប ហើយការងារបរិស្ថាន ជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមគ្នា។
លោកបានគូសបញ្ជាក់ទៀតថា កម្មវិធីទាំងមូលកើតចេញពី ការសហការ ពីសំណាក់អាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត ក្រោមការសម្រសម្រួលរបស់ នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ហើយក្រុងខេមរភូមិន្ទ ពិតជាមានមោទនៈភាពខ្លាំង ដែលបានការអញ្ជើញចូលរួមពីសាធារណជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានា ក៏ដូចជាប្រតិបត្តិករ មេត្រីភាពបរិស្ថាន ហើយគោលដៅរួមសំខាន់ៗនាពេលនេះ គឺដើម្បីចូលរួមចំណែកកែប្រែផ្នត់គំនិត សាធារណៈជន ឲ្យមានឥរិយាបថល្អ បង្កើនការយល់ដឹង កិច្ចគាំពារបរិស្ថាន ការពារធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕