(ស្វាយរៀង)៖ លោក សៅ សុខា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាទួលតារាម និងបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ ស្ថិតនៅភូមិថ្លុកវាយទី២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ លោក សៅ សុខា បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាទួលតារាម និងបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ នាពេលនេះ និងបាននាំការនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះ លោកយាយ លោកតា បងប្អូន យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានចូលរួម។
លោក សៅ សុខា បានសូមចូលរួមអបអរសាទរនូវសមិទ្ធផលដែលមានសាលារៀនមួយខ្នងថ្មីនេះ និងសូមរំលឹកនូវសភាសិតខ្មែរដែលបានលើកឡើងថា ផឹកទឹកកុំភ្លេចប្រភព បានផ្លែហូបកុំភ្លេចអ្នកដាំ ហើយការរៀបចំពិធីនៅថ្ងៃនេះ គឺរៀបចំដោយសុខសន្តិភាព និងភាពសម្បូរសប្បាយ និងគ្មានភិតភ័យអ្វីទាំងអស់ នេះហើយជាការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានដឹកនាំធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិដូចសព្វថ្ងៃនេះ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជនក៏បានប្រែមុខមាត់គួរឲ្យកត់សម្គាល់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក សៅ សុខា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដឲ្យបាននូវ គោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតគ្រឿងញៀន មិនត្រូវមានបងតូច បងធំ និងក្រុមក្មេងទំនើង និងចូលគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោក សៅ សុខា ក៏បានផ្ដាំផ្ញើ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ និងត្រូវជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ៕