(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សារវាងលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ប៉ានយ៉ារ៉ាក ពលទ័ព ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា ភាគីទាំងពីរបានមើលឃើញដូចគ្នា ណងការទូត មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ជំនួបពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងជំនួបពិភាក្សានេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក ពលទ័ព ដែលត្រូវបានរាជរដ្ឋាភិបាលថៃ តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសថៃប្រចាំកម្ពុជា។
លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ចំណងការទូត មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងថៃ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ»។
ជាក់ស្តែងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ប្រទេសថៃ បានផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោងជាច្រើននៅកម្ពុជា មានដូចជា៖ គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ៤៨ គម្រោងស្តារឡើងវិញផ្លូវជាតិលេខ៦៧ (ជាំសាង៉ាំ-អន្លង់វែង-សៀមរាប) និងគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ជាដើម។
ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ដែលផ្តល់ភាពងាយស្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ និងគណៈកម្មការមូលបត្រនៃប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ផងដែរ។
លោកឯកអគ្គរាជថៃបានលើកឡើងថា ប្រទេសកម្ពុជា និងថៃ ជាមិត្តដ៏ជិតស្និទ្ធជាយូរលង់ណាស់មកហើយ និងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាសឹងតែលើគ្រប់វិស័យ។ លោកឯកអគ្គរាជទូត នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យ ដែលមានសក្តានុពលខ្ពស់។
ជាមួយគ្នានោះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែមានកិច្ចសហការល្អជាមួយស្ថានទូតថៃប្រចាំកម្ពុជានាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជដ្ឋាភិបាល និងប្រជាពលរដ្ឋថៃ ក៏ដូចជាស្ថានទូតថៃប្រចាំនៅកម្ពុជា ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងជូនពរឲ្យលោកឯកអគ្គរាជទូត ប៉ានយ៉ារ៉ា ពលទ័ព បំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ៕