(ភ្នំពេញ)៖ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិត និងចែកចាយទឹកពិសារ គុណភាពខ្ពស់ និងល្បីល្បាញ បានរៀបចំកម្មវិធីអបអរសាទរ ទិវាកុមារអន្ដរជាតិ ១មិថុនា ក្រោមប្រធានបទ «ធ្វើឲ្យក្តីស្រម័យប្អូនៗ កុមារពិការ កំព្រាក្លាយជាការពិត »។
កម្មវិធីនេះប្រារព្ធឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្នុងសួនសត្វភ្នំពេញសាហ្វារី ដោយបានពាំនាំកាដូរអនុស្សាវរីយ៍ជា បទពិសោធន៍ នៃការទស្សនាសួនសត្វ និងការសម្តែងពិសេសៗ លើកទីមួយរបស់ប្អូនៗ កុមារពិការ និងកំព្រាជិត ៣០០នាក់។
កុមារា កុមារី ពិការ និងកំព្រា ទាំងអស់មកពី មណ្ឌលកុមារកំព្រាឡាវ៉ាឡា ដែលជាមណ្ឌល កុមារ កំព្រាពិសេស ផ្តល់ការអប់រំ មិនគិតថ្លៃ ចំពោះកុមារពិការ និងកំព្រាដ៏ល្បីល្បាញមួយនៅក្រុងតាខ្មៅ។ សព្វថ្ងៃមណ្ឌលមានកុមារកំព្រា ប្រមាណជិត៣០០នាក់ ដែលពួកគេបានទទួលការសិក្សាពិសេស ព្រមទាំងការស្នាក់នៅ និងការថែទាំយ៉ាងយកចិត្តទុកដាក់ ពីមណ្ឌលថែមទៀតផង ។
អ្នកស្រី កូវ ច័ន្ទនិច តំណាងឲ្យក្រុមហ៊ុនវីតាល់ថ្លែងឲ្យដឹងថា ដើម្បីជាការអបអរសាទរ ទិវាកុមារអន្តរជាតិ មូលនិធិ២៥រៀលវីតាល់ បានរៀបចំអំណោយមួយ ដែលមិនអាចបំភ្លេច បានដល់ប្អូនៗ ដែលកាដូនេះនឹងក្លាយជាការចង់ចាំដ៏ល្អបំផុត សម្រាប់ទិវាសិទ្ធកុមារ របស់ពួគេ។
អ្នកស្រីបន្តទៀតថា នេះមិនមែនជាលើកទីមួយទេ សម្រាប់វីតាល់ ក្នុងការប្រារព្ធកម្មវិធី ផ្តល់ក្តីរំភើបដល់កុមារកម្ពុជា វីតាល់តែងតែបង្កើតកម្មវិធីសម្រាប់ ទិវាកុមារកម្ពុជារៀងរាល់ឆ្នាំ។ អ្នកស្រីក៏បាន ថ្លែងអំណរគុណសួនសត្វភ្នំពេញ សាហ្វារី ដែលបានចួលរួម ជួយសម្របសម្រួល ជាមួយវីតាល់បង្កើតឲ្យមានកម្មវិធីនេះកើតឡើង យ៉ាងរលូនព្រមទាំង អរគុណ ដល់បុគ្គលិក និងថ្នាក់ដឹកនាំអង្គការឡាវ៉ាឡា ដែលខិតខំធ្វើការផ្តល់ ការបីបាច់ថែទាំកុមារ កំព្រាកម្ពុជាជិត៣០០នាក់ បានយ៉ាងល្អប្រសើរ។
តំណាងមណ្ឌលកុមារកំព្រាឡាវ៉ាឡា លោកគ្រូ ឆេង ប៊ុនធឿន បានបង្ហាញក្តីសា្វគមន៍ យ៉ាងកក់ក្តៅ ដល់ក្រុមហ៊ុនវីតាល់ ដែលបានផ្តល់អំណោយដ៏មានតម្លៃមួយនេះ សម្រាប់ប្អូនៗ កុមារក្នុងមណ្ឌលរបស់លោក។ នេះមិនមែនជាលើកទីមួយទេ សម្រាប់មណ្ឌល ដែលទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុនវីតាល់ ហើយការឧបត្ថម្ភនេះ ពិតជាមានគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន។
លោកបន្តថា បច្ចុប្បន្នបើទោះជាកុមារ ក្នុងមណ្ឌល ទទួលបានការថែទាំល្អមែនពិត ប៉ុន្តែពួកគេកម្រ នឹងមានកម្មវិធីកម្សាន្ត បែបទេសចរណ៍ណាស់ ដោយសារតែហិរិញ្ញវត្ថុរបស់អង្គការ លោកនៅមានកម្រិត។ ដូច្នេះហើយលោក ពិតជាអគុណវីតាល់ ជាខ្លាំងដែលបានផ្តល់ ភាពសប្បាយរីករាយបែបនេះ ដល់មណ្ឌលកុមារកំព្រារបស់លោក។
គួរបេញ្ជាក់ផងដែរថា ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាព សប្បុរសធម៌ កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធី សប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោល៕