(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ អនុញ្ញាតឲ្យក្រុមកុមារមកពី មជ្ឈមណ្ឌលគ្រូយើង ដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០១៨ ពានរង្វានក្រសួងព័ត៌មាន និងលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណ។
ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកុមារីទាំងអស់ ដែលមានភាពក្លាហានក្នុងការបញ្ចេញទេពកោសល្យ សម្ថតភាពដ៏ល្អ នៅក្នុងមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ក្នុងឆ្នាំ២០១៨ រហូតទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។
បើតាមលោក ថង សាវុន ជោគជ័យនេះក៏បានផ្តើមចេញពីការចូលរួមចំណែករបស់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាល អប់រំ កុមារឲ្យមានភាពក្លាហាន មានសីលធម៌ក្នុងការរស់នៅល្អ ហើយនេះគឺជាមោទនភាពសម្រាប់កុមារីផ្ទាល់ សម្រាប់ក្រុមគ្រួសារ សាលារៀន និងសម្រាប់ខេត្តផងដែរ បើទោះបីជាខេត្តរតនគិរីស្ថិតនៅក្នុងខេត្តដាច់ស្រយ៉ាល តែមានធនធានមនុស្សប្រកបដោយគុណភាព និងគុណសម្បត្តិ បានចូលរួមប្រកួតប្រជែងរាល់គ្រប់កម្មវិធីផ្សេងៗ។
លោកអភិបាលខេត្ត ក៏បានជំរុញឲ្យមជ្ឈមណ្ឌលគ្រូយើង ក៏ដូចជាគ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្ត យកចិត្តទុកដាក់ខិតខំបណ្តុះបណ្តាល ធនធានមនុស្សបន្ថែមទៀតលើផ្នែកសិល្បៈ និងគ្រប់ផ្នែកផ្សេង ដើម្បីមានឱកាសបញ្ចេញនូវសមត្ថភាព និងជាចំណែកមួយចូលរួមក្នុងការអភិវឌ្ឍសង្គម។
ទន្ទឹមនឹងនេះត្រូវបណ្តុះបណ្តាល ហ្វឹកហាត់ក្រុមកុមារទាំងនេះបន្ថែមទៀត ដើម្បីឲ្យពួកគេទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ សម្រាប់ទៅថ្ងៃមុខពួកគេ អាចយកចំណេះដឹងទាំងនេះធ្វើជាអាជីព កសាងអនាគតរបស់ពួកគេប្រកបដោយភាពជោគជ័យ។
លោកក៏បានជូនការដូរអនុស្សាវរីយ៍ដល់ក្រុមកុមារជ័យលាភីទាំង៥នាក់ ដោយក្នុងម្នាក់ៗទទួលបានសម្ភារសិក្សា និងថវិកា១០០ដុល្លារ៕