(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងបាន៥១ថ្ងៃហើយ ហើយឱកាសក្លាយជាសមាជិកស្ថាបនិក នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសល់តែរយៈពេល៣៩ថ្ងៃទៀតប៉ុណ្ណោះ ហើយបើគិតត្រឹមថ្ងៃទី៣១ ខែឧសភាម្សិលមិញមូលនិធិមនុស្សធម៌នេះ ទទួលបានថវិកាជាង៤លានដុល្លារ។

តាមតារាងថវិកាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនានេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយសនោះ ទទួលបានថវិកាចូលរួមពីសប្បុរសជនជាង ៤លានដុល្លារហើយ ក្នុងនោះថវិកាគិតជាដុល្លារមានចំនួន ៣,៦២៣,៤៨៨ដុល្លារ និងជាប្រាក់រៀលមានចំនួន ២,៥៧៧,៧២២,៣៥០រៀល (សរុបជាង៤លានដុល្លារ)។

ចាប់តាំងពីថ្ងៃប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគជាង ៤លានដុល្លារអាមេរិក ក្នុងនោះបានមកពីសមាជិកស្ថាបនិក ៩៤រូប សមាជិកកិត្តិយស ៦១រូប និងសមាជិកគាំទ្រ ១៥៩៦រូប។

ផ្អែកតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន សប្បុរសជនអាចមានលទ្ធភាព ចូលរួមជាសមាជិកស្ថាបនិក នៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងរយៈពេល៣ខែដំបូង ដូច្នេះគឺនៅសល់តែ៣៩ថ្ងៃទៀតទេ ពោលគឺត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដែលសប្បុរសជនក្នុងស្រុក និងក្រៅស្រុក អាចចូលរួមជាសមាជិកស្ថាបនិកបាន។

សុពលភាពនៃសមាជិកស្ថាបនិក របស់មូលនិធិគន្ធបុប្ផាកម្ពុជា គឺអចិន្រ្តៃយ៍ និងចារឹកក្នុងទំព័រប្រវត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជាជារៀងរហូត។ ដោយឡែក មូលនិធិគន្ធបុប្ផាកម្ពុជា នឹងនៅបន្តទទួលសមាជិកកិត្តិយស និងសមាជិកគាំទ្រជាបន្តបន្ទាប់ និងជារៀងរហូត។ ឈ្មោះសមាជិក និងសប្បុរសជន នឹងត្រូវបង្ហោះក្នុងគេហទំព័រ និង Facebook Page របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះ។

ក្នុងចំណោមថវិកាជាង៤លានដុល្លារនោះ ថវិកា១,៥លានដុល្លារ ជាប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងកាកបាទក្រហមកម្ពុជា។ ក្រៅពីនោះបានមកពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ាល្បីៗ រួមទាំងសប្បុរសជនផ្សេងៗទៀត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» ជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ ក្នុងថ្ងៃប្រកាសបង្កើតនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាប្រមាណ ៥ម៉ឺនដុល្លារក្នុងមួយឆ្នាំរយៈពេល ៥ឆ្នាំ។ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងភរិយាលោកស្រី អ៉ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភថវិកាមួយឆ្នាំ ៣ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ។ មូលនិធិគន្ធបុប្ផាកម្ពុជាបង្កើតឡើង ក្នុងបំណងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយក្នុងបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជាដោយឥតគិតថ្លៃ។

ប្រជាពលរដ្ឋខ្មែរអាចចូលរួម ក្នុងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជាបានគ្រប់គ្នាទាំងអស់ ដោយទាក់ទងលេខាធិការដ្ឋាននៃមូលនិធិ រៀងរាល់ម៉ោងធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមអាស័យដ្ឋាន ផ្លូវលេខ៩២, សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទាក់ទងទូរស័ព្ទលេខ៖ ០១៧ ៣៥១ ១៩៩ / ០១៦ ៩១១ ៩៦០ / ០៩០ ៨៨៨ ០៧២៕