(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្សប្រមាណ១៤១នាក់បានស្លាប់ និងរងរបួសចំនួន៣១៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន​២២៣នាក់ និងរបួសស្រាលចំនួន៩៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេញ១ខែឧសភា ឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ។

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុងរយៈពេលពេញ១ខែឧសភានេះ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើនឡើងចំនួន២៥៥លើក និងបណ្ដាល​​ខូតខាតម៉ូតូចំនួន២៣០គ្រឿង, រថយន្ដធុនតូចចំនួន១៣៤គ្រឿង, រថយន្ដធុនធំ៧២គ្រឿង, យានផ្សេងៗ១៥គ្រឿង និងអ្នកថ្មើជើង​២២នាក់ ហើយ​មូលហេតុដែលបណ្ដាលឲ្យ មានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿនចំនួន៩៧លើក, ស្រវឹងចំនួន១៣លើក, ប្រជែងចំនួន២៤លើក, មិនប្រកាន់ស្ដាំចំនួន២២លើក, មិនគោរពសិទ្ធិចំនួន៤៨លើក, បត់គ្រោះថ្នាក់ចំនួន៣៧លើក, កត្តាយានយន្ដចំនួន៩លើក, កត្តាផ្លូវ១លើក និងងងុយដេកចំនួន៤លើក។

ក្នុងនោះរាជធានី-ខេត្ត ដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ កើតឡើងចំនួន៥៧លើក, ខេត្តកំពង់ធំ កើតឡើងចំនួន១០លើក ​ខេត្តកណ្ដាល កើតឡើងចំនួន១៧លើក, ខេត្តព្រះសីហនុ កើតឡើងចំនួន១៤លើក, ខេត្តសៀមរាប កើតឡើងចំនួន៧លើក, ខេត្តស្វាយរៀង កើតឡើងចំនួន១៥លើក, ពោធិ៍សាត់កើតឡើងចំនួន៨លើក៕