(ប៉េកាំង)៖ នាយកប្រតិបត្តិនៃអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បាននិងកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៦ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងកម្ពុជា និងចិនឲ្យកាន់តែជិតស្និទ្ធ។
អំឡុងពេលទស្សនកិច្ចនេះ លោកបានចូលទៅទស្សនាស្ថានីយទូរទស្សន៍ដ៏ធំរបស់ចិន គឺទូរទស្សន៍ស៊ីស៊ីធីវី (CCTV) និងបណ្តាញព័ត៌មាន CGTN (China Global Television Network) ព្រមទាំងទីស្នាក់ការសារព័ត៌មាន ដ៏ធំ និងល្បីទូទាំងពិភពលោករបស់ចិន គឺសារព័ត៌មានស៊ីនហួ (Xinhua) ជាមួយនឹងការទទួលស្វាគមន៍ពីលោក Liu Siyang អនុប្រធានគ្រប់គ្រងស្ថាប័នព័ត៌មានដ៏ល្បីមួយនេះ។
លោក លឹម ជាវុត្ថា ក៏នឹងបន្តចូលរួមកិច្ចប្រជុំមួយជាមួយភាគីចិន «SCO Media Summit» ផងដែរ ដែលមានការចូលរួមពីបណ្តាប្រទេសជាសមាជិក និងប្រទេសដៃគូសន្ទនាចំនួន១៨ប្រទេស។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននេះ បានកើតឡើងស្របពេលដែលអង្គភាពព័ត៌មាន Fresh News បាននិងកំពុងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនជាភាសាចិន រហូតទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីភាគីចិន តួយ៉ាងដំណើរទស្សនកិច្ចនាឱកាសនេះ ក៏ជាការគាំទ្រពីសំណាក់ស្ថានទូតចិនប្រចាំកម្ពុជាផងដែរ។
បើតាមលោក លឹម ជាវុត្ថា បានថ្លែងឲ្យដឹងពីរដ្ឋធានីប៉េកាំងថា អង្គភាពព័ត៌មាន Fresh News រីករាយសហការជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ចិនបន្តទៀតដែរ។ ម្យ៉ាងទៀត ក្រោយពីដំណើរទស្សនកិច្ចនេះ លោកសង្ឃឹមមថា កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន រឹតតែមានភាពល្អូកល្អិនរលូនទៅមុខ។
សូមជម្រាបថា ក្រៅពីបន្ថែមការផ្សព្វផ្សាយជាភាសាចិន នៅលើកម្មវិធីព័ត៌មានរបស់ខ្លួន ដែលមាននៅលើទូរស័ព្ទដៃនោះ អង្គភាពព័ត៌មាន Fresh News និងសារព័ត៌មាន Xinhua ក៏កំពុងសហការគ្នាពង្រីកការផ្សព្វផ្សាយពីគ្នាទៅវិញទៅមក ខណៈប្រជាជនខ្មែរនៅប្រទេសចិន ក៏ដូចជាប្រជាជនចិន ក៏បាននិងកំពុងតាមដានការផ្សព្វផ្សាយព័ត៌មានរបស់ Fresh News ផងដែរ៕