(វ៉ាស៊ីនតោន)៖ ជំនួបរវាង​មន្ត្រីកំពូលៗមកពី​ប្រទេស​កូរ៉េខាងជើង និងមន្ត្រីកំពូល​ៗសហរដ្ឋ​អាមេរិក ដែលបានប្រារព្ធ​ឡើងនៅទីក្រុង​ញូយ៉ក នាថ្ងៃពុធ​សប្តាហ៍នេះ ត្រូវបាន​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​អះអាងថា បានប្រព្រឹត្ត​ទៅដោយល្អ ប្រសើរ ហើយវាជាសញ្ញា​វិជ្ជមានថ្មីបន្ថែម នៅក្នុងការ​ឈានទៅ​រក​ជំនួប​កំពូល នៃប្រមុខដឹកនាំ​ប្រទេសទាំងពីរ ដែលមិនធ្លាប់​មាន​សោះឡើយក្នុងប្រវត្តិសាស្ត្រ។ នេះបើតាម​ការចេញផ្សាយ ស៊ីនហួរ នាយប់​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។

ក្រៅពីការបង្ហាញ​ក្តីរីករាយ ចំពោះកិច្ចពិភាក្សាបែបវិជ្ជមាន​រវាងមន្ត្រីកំពូល​របស់​លោក គឺរដ្ឋមន្ត្រី​ការបរទេស ម៉ៃក៍ ប៉ុមប៉េអូ ជាមួយគណៈប្រតិភូ​​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោក គីម យ៉ុងចុល (Kim Yong Chol ) ដៃស្តាំ​លោក គីម ជុងអ៊ុន នោះលោក ដូណាល់ ត្រាំ ក៏បានរំពឹង​ផងដែរថា ក្រុមប្រតិភូ​​កូរ៉េខាងជើងដែលនឹង​ជួបលោក​នៅទីក្រុង​វ៉ាស៊ីនតោន ​ក្នុងថ្ងៃសុក្រ​ខាងមុខនេះ ដោយពាំនាំ​យកមកជា​មួយនូវ​សំបុត្រលោក គីម ជុងអ៊ុន មកជូនផ្ទាល់ដៃ​លោក​ផងដែរ។

គួរបញ្ជាក់ថា គេនៅមិន​ទាន់ដឹងថា តើមានសំបុត្រ​​ពីលោក គីម ផ្ញើជូនលោក ត្រាំ នោះមែន ឬក៏អត់នោះ​ឡើយ ប៉ុន្តែបើសិន​ជា​មានពិតមែន​នោះ​គ្រប់នឹងបាន​ស្វែងយល់អត្ថន័យ​ នៅក្នុងសំបុត្រនោះពេលឆាប់ៗខាងមុខ​នេះ​ហើយ៕