ក្រសួងពាណិជ្ជកម្ម ពន្យល់ជុំវិញករណីបាវអង្ករមានអក្សរខ្មែរ តែដាក់ជាផលិតផលថៃ ដែលផ្ទុះការរិះគន់លើបណ្ដាញសង្គម Facebook
31-05-2018 19:41
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានពន្យល់ជុំវិញករណីបាវអង្ករមានរូបប្រាសាទអង្គ និងអក្សរខ្មែរ តែដាក់ថាជាផលិតថៃ ដែលផ្ទុះការរិះគន់លើបណ្ដាញសង្គ Facebook នោះ ត្រូវបានក្រសួងបញ្ជាក់ថា បន្ទាប់ស្រាវជ្រាវបឋម គឺពិនិត្យឃើញថា ទំនិញអង្ករខាងលើនេះ មានដាក់លក់នៅ ក្នុងទីក្រុងម៉ុលរ៉េអាល់នៃប្រទេសកាណាដាតែប៉ុណ្ណោះ ពុំមានដាក់លក់នៅតាមផ្សារ នៃប្រទេសផ្សេងៗនោះឡើយ។
ក្រសួងពាណិជ្ជកម្មចាត់ទុកថា ការក្លែងបន្លំអត្តសញ្ញាណរបស់ទំនិញ អង្ករបរទេស (ថៃឡង់ដ៍) ដែលមានដាក់រូបប្រាសាទអង្គរវត្ត និងឈ្មោះជាខេមរៈភាសាថា «អង្ករក្រអូបពិសេស» ដើម្បីបំភ័ន្តអ្នកប្រើប្រាស់ ពីប្រភពដើមនៃទំនិញ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ទៀតថា កំពុងស្រាវជ្រាវ និងចាត់វិធានការតាមមធ្យោបាយការទូត និងផ្លូវច្បាប់នានា ដើម្បីស្វែងរកប្រភព និងបុគ្គលល្មើស សំដៅបញ្ឈប់ការធ្វើចរាចរណ៍ទំនិញ ក្លែងបន្លំអត្តសញ្ញាណនេះ៕