(កំពង់ចាម)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងឲ្យដឹងនៅក្នុងសន្និបាត ជនមានពិការភាពឃ្លង់លើកទី១ ក្រោមប្រធានបទ «បង្កើតសមាគមជនមានពិការភាពឃ្លង់កម្ពុជា» ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអភិវឌ្ឍន៍វិស័យពិការភាព ឲ្យឆ្ពោះទៅរកសង្គមមួយ ដែលគិតគូរខ្លាំង ទៅលើជនមានពិការភាព។
លោក ឯម ច័ន្ទមករា បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ ជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ គិតគូរដល់បងប្អូនជនពិការគ្រប់ប្រភេទ និងមិនដែលប្រកាន់និន្នាការនយោបាយឡើយ។ នៅប៉ុន្មានឆ្នាំខាងមុខនេះ បញ្ហាពិការភាពនឹងក្លាយជាក្តីបារម្ភ កាន់តែធំធេងដោយសារអត្រាពិការភាព កាន់តែកើនឡើងដែលបណ្តាលមកពីជំងឺរ៉ាំរ៉ៃផ្សេងៗដូចជា ទឹកនោមផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។
កត្តានេះទាមទាឱ្យយើងទាំងអស់គ្នា ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការស្វែងរកដំណោះស្រាយនានាជាបន្ទាន់ រួមទាំងការ លើកកម្ពស់សុខុមាលភាពសង្គម ការស្តារលទ្ធភាពពលកម្មកាយសម្បទានិងសតិបញ្ញា ការផ្តល់វ៉ាក់សាំងការពារជំងឺនានា និងការអប់រំផ្សេព្វផ្សាយ អំពីគ្រោះថ្នាក់ដែលនាំឱ្យពិការជាដើម។
ការលើកឡើងរបស់លោក ឯម ច័ន្ទមករា បានធ្វើឡើងខណៈ លោកចូលរួមនៅក្នុងពិធីសន្និបាតជនមានពិការភាពឃ្លង់លើកទី១ ក្រោមប្រធានបទ «បង្កើតសមាគមជនមានពិការភាពឃ្លង់កម្ពុជា រៀបចំធ្វើនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបន្តទៀតថា សិទ្ធិជនពិការ ត្រូវបានការពារដោយច្បាប់ ការអប់រំផ្សព្វផ្សាយ អំពី សិទ្ធិជនពិការ ត្រូវបានយកចិត្តទុកដាក់អនុវត្តយ៉ាងទូលំទូលាយ ការរើសអើងជនពិការនៅ ក្នុងសង្គមត្រូវបានកាត់បន្ថយជាបណ្តើរៗ។ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនពិការត្រូវបាន គោរពនិងទទួលស្គាល់កាន់តែច្រើនឡើង។ ក្នុងស្មារតីនេះ កម្ពុជាបានទទួលស្គាល់ ជនពិការ មានសិទ្ធិនិងមានឱកាសស្មើគ្នាដូចជនមិនពិការ ដើម្បីទទួលបានការអភិវឌ្ឍនិងការគោរពស្រទ្បាញ់ពីសង្គម។
កន្លងមកក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាល តែងបានជំរុញនូវការបង្កលក្ខណៈ ងាយស្រួលដល់ជនពិការ នៅបរិស្ថានរូបវន្ត និងមធ្យោបាយធ្វើដំណើរ ព័ត៌មាន និងទំនាក់ទំនង រួមទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាកម្មផ្សេងៗទៀតបើកផ្តល់ឲ្យប្រើជាសាធារណៈ នៅទីក្រុងនិងទីជនបទ។
ជំនួសមុខឲ្យ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអំពាវនាវដល់បងប្អូនជនពិការ និងបងប្អូនទាំងអស់នៅទីនេះ ចូលរួមទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបានសង្គមមួយដែលមានសុខសន្តិភាព មានការអភិវឌ្ឍន៍ សង្គមមួយដែលគិតគូរពីជនពិការ សង្គមមួយសម្រាប់គ្រប់គ្នា ដើម្បីអនាគតកូនចៅជំនាន់ក្រោយ និងឈានទៅរកភាពជឿនលឿន ដូចបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក។
លោក ឯម ច័ន្ទមករា បានកោតសរសើរចំពោះអង្គការស៊ីអូម៉ាល់ ដែលបានជួយដល់ជនមានពិការភាពឃ្លង់កម្ពុជា។ ជនពិការមានច្រើនប្រភេនិងជនពិការទូទៅមានអង្គការច្រើនបានសហការជាមួយរាជរដ្ឋាភិបាលជួយគាំទ្រ តែសម្រាប់ជនពិការឃ្លង់នេះ គឺមានតែអង្គការស៊ីអូម៉ាល់មួយគត់ដែលស្ម័គ្រចិត្តជួយដោយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ នាយដ្ឋានសុខុមាលភាពជនពិការ និងក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោក ឯម ច័ន្ទមករា ក៏បាននាំយកអំណោយ របស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នូវថវិកាជូនជនពិការ និងប្រជាពលរដ្ឋ រស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន១៤០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀលផងដែរ។
ជាការកត់សំគាល់ អ្នកជំងឺហង់សិន ឬឃ្លង់ នៅតែមានការរើសអើង ប៉ុន្តែ បច្ចុប្បន្ននេះ យើងក៏ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ យ៉ាងណាក៏ដោយ លោក ចាន់ សារ៉េន បានស្នើដល់ សាធារណជនទាំងអស់ មេត្តាកុំរើសអើងកជំងឺហង់សិន ឬឃ្លង់ ពីព្រោះថា ពួកគេ ក៏ដូចជាមនុស្សធម្មតាដែរ។
គួរបញ្ជាក់ថា ចំនួនអ្នកជំងឺហង់សិន ឬឃ្លង់ ដែលបានព្យាបាល ចាប់ពីឆ្នាំ១៩៨៥ដល់ឆ្នាំ២០១៧ យោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេងនិងហង់សិន គឺមានចំនួន២៣៩២២នាក់ ក្នុងនោះក៏មានជនពិការដោយសារជំងឺហង់សិន ឬឃ្លង់ប្រមាណ 2០០០នាក់ដែលកំពុងរស់នៅតាមបណ្តារាជធានីខេត្តទូទាំងប្រទស៕