(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣១​ ខែឧសភានេះ បានអនុញ្ញាតឲ្យលោក Panyarak Poolthup ឯកអគ្គរាជទូតប្រទេសថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម។

លោក វេង សាខុន បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅជូន ចំពោះរាជរដ្ឋាភិបាលថៃ ដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ក្នុងនោះមានកិច្ចសហប្រតិបត្តិការ លើការងារសុខភាពសត្វ និងផលិតកម្មសត្វ ការបណ្តុះបណ្តាលធនធាន មនុស្សទាក់ទងនិងវិស័យកសិកម្ម ការទទួលទិញកសិផលកម្ពុជា ពិសេសផលិតផលដំឡូងមី។ល។

លោករដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថា ប្រទេសថៃនឹងបន្តការគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ពិសេសការធ្វើពាណិជ្ជកម្មលើ ផលិផលកសិកម្ម។

ក្នុងឱកាសនោះ ឯកអគ្គរាជទូតថៃ បានកោតសរសើរពីការរីកចម្រើន របស់ប្រទេសកម្ពុជា ដែលក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាងដែលជាចលករមួយដ៏សំខាន់ ជួយជំរុញកំណើនសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការនាំចេញផលិតផល និងកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងឱកាសបំពេញបេសកកម្ម ការទូតនៅប្រទេសក្រកម្ពុជា លោកឯកអគ្គរដ្ឋទូតបានសន្យាថា នឹងខិតខំអស់លទ្ធភាព ធ្វើយ៉ាងណាជួយជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យបាន់តែល្អ ប្រសើរមួយកម្រិតទៀត។

ក្នុងជំនួបនាថ្ងៃនេះ ភាគីទាំងពីរបានលើកយក ប្រធានបទសំខាន់ៗ មួយចំនួនមកពិភាក្សាដូចជា៖

ទី១៖ កិច្ចសហប្រតិបត្តិការលើការកំណត់ តំបន់ដាំដុះឲ្យបានសមស្របតាមស្ថានភាព គុណភាពដី ប្រភេទពូជ ភាពអំណោយផលនៃទឹក និងការ
ប្រែប្រួលអាកាសធាតុ ដែលប្រទេសថៃ ធ្លាប់មានបទពិសោធន៍កន្លងមក។

ទី២៖ ការគ្រប់គ្រងសហគមន៍ព្រៃឈើ ឲ្យមាននិរន្តរភាព ការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព របស់ប្រជាសហគមន៍តាមរយៈ ការបង្កើតមុខរបស់ថ្មី ដើម្បីកាត់បន្ថយការពឹងផ្អែក លើផលនិងអនុផលព្រៃឈើតែមួយមុខ។

ទី៣៖ ការសហការលើការអនុវត្ត កសិកម្មតាមកិច្ចសន្យា (Contract Farming) រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាព។

ទី៤៖ ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យជលផល តាមរយៈការចុះអនុស្សរណយោគយល់គ្នា រវាងប្រទេសទាំងពីរ ដើម្បីធ្វើការគ្រប់គ្រង និងទប់ស្កាត់
បទល្មើសនេសាទឲ្យមានប្រសិទ្ធភាព៕