Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋខេត្តរតនគិរី សម្តែងការឈឺចាប់ ចំពោះទណ្ឌិត សម រង្ស៊ី ដែលសន្យាកាត់ខេត្ត៤ របស់កម្ពុជាឲ្យវៀតណាម (Video inside)

31-05-2018 18:38

(រតនគីរី)៖ លោក សែ ត្រែល ប្រជាពលរដ្ឋខេត្តរនគិរី បានសម្តែងការឈឺចាប់ និងខឹងសម្បាយ៉ាងខ្លាំង ចំពោះទណ្ឌិត សម រង្ស៊ី ដែលកំពុងសម្ងំគេចខ្លួននៅក្រៅប្រទេស ហើយបានសន្យាកាត់ទឹកដី៤ខេត្តរបស់កម្ពុជា មានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ឲ្យទៅជនជាតិភាគតិចវៀតណាម ប្រសិនបើលោកក្លាយជានាយករដ្ឋមន្រ្តីនោះ។

ការសម្តែងការឈឺចាប់បែបនេះ បានកើតឡើងបន្ទាប់ពីលោក បានទទួលដំណឹងថា លោក សម រង្ស៊ី ដែលកាលណោះជាប្រធានគណបក្សសង្គ្រោះជាតិ បានលួចចុះកិច្ចព្រមព្រៀងជាមួយ មេដឹកនាំជនជាតិភាគតិចវៀតណាម លោក កុក ស ដោយសន្យានឹងកាត់ទឹកដី៤ខេត្តខាងលើរបស់កម្ពុជា ឲ្យទៅជនជាតិដើមភាគតិចវៀតណាមជាអ្នកគ្រប់គ្រង។

លោក សែ ត្រែល បានលើកឡើងថា «ខ្ញុំមានការឈឺចាប់ណាស់ដោយសារគេ (លោក សម រង្ស៊ី) កាត់ទឹកដីឲ្យប្រទេសវៀតណាម ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ខ្ញុំឈឺចាប់មែនទែន»

លោកបានស្នើយ៉ាងទទូចដល់តុលាការ ឲ្យកាត់ទោសទណ្ឌិតក្បត់ជាតិរូបនេះឲ្យខាងតែបាន ដែលហ៊ានចុះកិច្ចព្រមព្រៀងកាត់ទឹកដី៤ខេត្តរបស់កម្ពុជា ឲ្យទៅជនជាតិភាគតិចវៀតណាម ហើយលោកបានបន្ថែមថា លោកមិនគាំទ្រឲ្យ លោក សម រង្ស៊ី បន្តធ្វើនយោបាយដ៏ឆោតល្ងង់បែបនេះ តទៅទៀតឡើយ។

សូមបញ្ជាក់ថា នៅក្នុងវីដេអូកិច្ចព្រមព្រៀងមួយ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះ តំណាងអយ្យការក៏បានចេញដីកាកោះហៅ លោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែលោក សម រង្ស៊ី បានអវត្តមានក្នុងការចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តី តំណាងអយ្យការបានអះអាងថា ខ្លួននឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត ចំពោះសំណុំរឿងនេះ៕