(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីសំណើ សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋ ភូមិសំបួរ ភូមិខ្វា និងភូមិថ្មី សង្កាត់ដង្កោ ដើម្បីយកមកដោះស្រាយជូនបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកអភិបាល ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន។
លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំរំដោះប្រទេសជាតិពីភ្លើងសង្គ្រាម ឲ្យមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងអស់ បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិក្រោយៗទៀត ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត។
ដោយឡែកនៅរសៀលថ្ងៃដដែលនោះ លោកអភិបាលខណ្ឌ ក៏បានបន្តសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ភូមិខ្វា ភូមិតាឡី និងភូមិថ្មី សរុបអ្នកចូលរួមប្រមាណ៥០០នាក់ផងដែរ៕