(ភ្នំពេញ)៖ អង្គភាពស៊ីម៉ាក់បានទទួលជំនួយថវិកាចំនួន១.៦លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោម រយៈពេលមួយឆ្នាំលើផ្ទៃដី២,២០០ហិចតា នៅខេត្តភាគខាងកើតប្រទេសកម្ពុជា។
ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ដោយលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ជាមួយអង្គការ NPA ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យកាត់បន្ថយអាវុធ នៃក្រសួងការបរទេសអាមេរិក។
បើតាមលោក ហេង រតនា គំរោងនេះមានថវិកាចំនួន១.៦លានដុល្លារមានរយៈពេល១២ខែ គិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលនេះជាឆ្នាំទី១ នៃរយៈពេល២ឆ្នាំ។
អគ្គនាយកស៊ីម៉ាក់រូបនេះ បានគូសបញ្ជាក់ថា ជាមួយគំរោងនេះស៊ីម៉ាក់ នឹងពង្រាយកម្លាំងជិត២០០នាក់ ដែលផ្តោតជាសំខាន់លើការងារស្រាវជ្រាវព័ត៌មាន និងបោសសំអាត សំណល់គ្រាប់បែកចង្កោម នៅបណ្តាខេត្តខាងកើតប្រទេសកម្ពុជា លើផ្ទៃដីគ្រាប់បែកចង្កោម ចំនួន២,២០០ហិកតា និងស្រាវជ្រាវព័ត៌មាននៅ៦៧៨ភូមិ៕