(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,០៧៨គ្រឿង រកឃើញល្មើសច្បាប់៤៣៤គ្រឿង (ម៉ូតូ៦៦ភាគរយ) អប់រំ១៧៩គ្រឿង និងផាកពិន័យ២៥៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣១ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ១,៤៦១គ្រឿង អប់រំគ្មាន និងផាកពិន័យចំនួន ១៩៣គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត៦៧១គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១៦,៥៦៩គ្រឿង រកឃើញយានយន្តល្មើស ១៧,៨៣៦គ្រឿង (ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ ៦,៨០៩គ្រឿង និងផាកពិន័យ ១១,០២៧គ្រឿង (ម៉ូតូ៩៦%)៕