(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ប្រចាំខេត្តកំពង់ធំ បានរៀបចំការជួបជុំមួយ ជាមួយកុមារប្រមាណ២៤៧នាក់ ស្ថិតក្នុងស្រុកសន្ទុក ដើម្បីជាការលើកទឹកដល់ពួកគេ ក្នុងឱកាសខួបលើកទី៦៩ នៃទិវាកុមារអន្តរជាតិ០១ មិថុនា ឆ្នាំ២០១៨នេះ។
ពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ០១មិថុនា ខួបលើកទី៦៩នេះ ប្រារព្ធឡើងក្នុងបរិវេណសាលាស្រុកសន្ទុក ខេត្តកំពង់ធំ។ ពិធីនេះលោក ជា ចាន់តូ និងលោកស្រីតែងធ្វើជារៀងរាល់ឆ្នាំ ដែលកាលពីឆ្នាំកន្លងទៅមានកុមារ ប្រមាណជាង៧៥៨នាក់ចូលរួម។
លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានថ្លែងថា ការរៀបចំឲ្យមានការជួបជុំកុមារថ្ងៃនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនាខួប លើកទី៦៩ និងផ្ដល់ឱកាសឲ្យកុមារ ទាំងអស់បានជួបប្រាស្រ័យទាក់ទងគ្នា កាន់តែមានភាពស្និទ្ធស្នាល រវាងសាលាមួយ ទៅសាលាមួយទៀតដែលមានក្នុងស្រុកផងដែរ។
ក្នុងឱកាសនោះលោកស្រី បានបញ្ជក់ថា «កុមារកម្ពុជាក្នុងសម័យតេជោ ជាកុមារដែលកើតមក មានភ័ព្វសំណាងណាស់ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន តែងតែផ្ដល់ការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ដល់អនាគត កុមារកម្ពុជាគ្រប់ៗរូប»។
សូមបញ្ជាក់ថា តាមរបាយការណ៍ របស់លោកប្រធានការិយាល័យអប់រំស្រុកឲ្យដឹងថា គិតរហូតដល់ពេលនេះលោក ជា ចាន់តូ និងលោកស្រី បានខិតខំអស់ពីចិត្តថ្លើម ជួយដល់កុមារ និងវិស័យអប់រំតាមតំបន់ ជាច្រើនក្នុងខេត្តកំពង់ធំ ពិសេសនៅស្រុកសន្ទុក និងស្រុកស្ទោង។
ដោយឡែកក្នុងស្រុកសន្ទុក លោក ជា ចាន់តូ និងលោកស្រី បានជួយកសាងអគារ សិក្សាបានចំនួន២៥ខ្នង ស្មើ១១៥បន្ទប់ របងសាលាប្រវែង១១៨៥ម៉ែត្រ, បន្ទប់ទឹក, ខ្លោងទ្វារសាលា និងសមិទ្ធផលនានា មួយចំនួនទៀតផងដែរ។
លោកស្រី ខៀវ ស៊ីណា ក៏បានអំពាវនាវដល់ មាតា-បិតា អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ឲ្យបង្កើនការយកចិត្តទុកដាក់ ចំពោះកុមារដើម្បីឲ្យពួកគេមានឱកាសគ្រប់គ្រាន់ ក្នុងការរៀនសូត្រ និងក្លាយជាគ្រាប់ពូជ ដែលពោលពេញដោយថាមពល និងជាទំពាំងស្នងឬស្សី សម្រាប់បន្តអភិវឌ្ឍន៍ប្រទេសជាតិ៕