(កែប)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃស្នងការដ្ឋាននគរបាលខេត្ដកែប។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានប្រាប់ទៅកាន់មន្ដ្រីនគរបាលដែលទើបតែទទួលបានភារកិច្ចថ្មី មុខតំណែងថ្មី ត្រូវបំពេញកិច្ចការងារទៅតាមភារកិច្ចរបស់ខ្លួន មិនត្រូវយកអំណាចទៅគៀបសង្កត់ប្រជាពលរដ្ឋណាម្នាក់នោះទេ។ ដោយឡែកមន្ដ្រីនគរបាល ដែលមិនទាន់បានឡើងឋានៈ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារបន្ដទៀត។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គស្នងការរង បានបញ្ជាកម្លាំងនគរបាលទូទាំងខេត្តកែប ដាច់ខាតត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការពារឲ្យខាងតែបាន នូវដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕