(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលជួបពិភាគ្សាការងារ ជាមួយអតីតប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha ក៏ដូចជាការជូនដំណើរការអញ្ជើញនិវត្តន៍របស់គណៈប្រតិភូ បន្ទាប់ពីបានចូលរួមក្នុងពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនាឥស្លាមកម្ពុជា ដែលរៀបចំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ថ្លែងក្នុងឱកាសនោះ លោក Noor Matha លើកឡើងថា លោកតែងតែកោតសរសើរ ពីវីរភាពដ៏អង់អាច និងភាពប៉ិនប្រសប់ នៃការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាក់ស្តែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នៃការរៀបចំពិធីអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនាឥស្លាមកម្ពុជា លើកទី៥ ដែលប្រារព្ធធ្វើឡើងនាល្ងាចថ្ងៃទី២៩ ឧសភា ២០១៨ ក្រោមការរៀបចំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកគូសបញ្ជាក់ថា ការរៀបចំនេះ កាន់តែធ្វើឲ្យរូបលោកមើលឃើញថា កាយវិការនៃភាពសាមញ្ញ ស្និទ្ធស្នាល និងភាតរភាពរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងចេញឲ្យឃើញពីហេតុផលយ៉ាងច្បាស់ ពីសន្តិភាពសុខដមបនីយកម្ម ដែលកម្ពុជាកំពុងទទួលបាន ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់ ដែលដឹកនាំកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ រីកចម្រើនទៅមុខជាលំដាប់។
សូមជម្រាបថា លោក Wan Muhamad Noor Matha ជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាមប្រទេសថៃ ដែលធ្លាប់ធ្វើជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅឆ្នាំ១៩៩៤-១៩៩៥ ខណៈឆ្នាំ១៩៩៦-២០០០ លោកជាប្រធារដ្ឋសភា ហើយឆ្នាំ២០០១ ជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងគមនាគមន៍ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅឆ្នាំ២០០២៕