(ភ្នំពេញ)៖ រដូវវស្សាចូលមកដល់ បណ្តាលឲ្យមានបាតុភូតគ្រោះធម្មជាតិនានា បានកើតឡើងជាបន្តបន្ទាប់ដូចជារន្ទះបាញ់ ខ្យល់កន្ត្រាក់ ទឹកជំនន់ ដែលកំពុងតែគំរាមកំហែង ផ្ទះសម្បែង ក៏ដូចជាអាយុជីវិតប្រជាពលរដ្ឋ និងសត្វពាហនៈ នៅទូទាំងប្រទេសកម្ពុជា។
ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភានេះថា មានផ្ទះប្រជាពលរដ្ឋ ចំនួន៦ខ្នងផ្សេងទៀតហើយ ត្រូវបានខូចខាត ដោយសារបាតុភូតខ្យល់កន្ត្រាក់វាយប្រហារ មកលើភូមិមានាគ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីវេលាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
សូមជម្រាបថា ដើមរដូវវស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់ ធ្វើឲ្យរលំ និងខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរចំនួន៨០៦ខ្នង ខណៈពលរដ្ឋ១៧នាក់ បានស្លាប់ និងរបួស ព្រមទាំងមានរន្ទះបាញ់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន៣៣នាក់ និងងាប់គោ-ក្របីចំនួន៤០ក្បាល។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់អង្គភាព Fresh News កាលពីពេលថ្មីៗនេះ។
ចំពោះគ្រោះទឹកជំនន់វិញ លោក កែវ វី បានបញ្ជាក់ថា មានផលប៉ះពាល់ខ្លាំងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានរហូតដល់៧០០ហិកតា ដែលបណ្តាលមកពីទឹកភ្លៀង។
លោកបន្តថា ខាងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកំពុងតែស្វែងរកពូជស្រូវ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះ និងបង្វែរទឹកជំនន់ទាំងនោះ ដើម្បីទៅកន្លែងណាដែលអាចស្រកលឿន ឬក៏បង្វែរទៅកន្លែងប្រព័ន្ធធារាសាស្ត្រតូចធំជាដើម៕